ដូចដែលយើងបានដឹងរួចមកហើយ កាលពីពេលថ្មីៗនេះ អ្នកនាំចេញវៀតណាមហាក់ជួបនឹងបញ្ហាធំៗចំពោះការនាំចេញ។ យ៉ាងណាមិញកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅថ្មីៗនេះ ប្រទេសចិនបានដាក់បម្រាមរយៈពេល ៤សប្ដាហ៍លើការនាំចូលផ្លែស្រកានាគតាមច្រកព្រំដែនវៀតណាមដ៏សំខាន់មួយ បន្ទាប់ពីបានរកឃើញវីរុស កូវីដ-១៩ នៅក្នុងការដឹកជញ្ជូនលើកមុនមួយចំនួន។
ការហាមប្រាមនេះមានរយៈពេលរហូតដល់ថ្ងៃទី២៦ ខែមករា លើការដឹកជញ្ជូនតាមច្រកព្រំដែន Huu Nghi ក្នុងខេត្ត Lang Son អនុវត្តចំពោះផ្លែស្រកានាគចំនួន ៤ប្រភេទ ដែលត្រូវបានដឹកជញ្ជូនពីខេត្ត Binh Thuan ភាគកណ្តាល និងខេត្ត Long An ភាគខាងត្បូង។
លោក Vo Huy Hoang ប្រធានសមាគមផ្លែឈើនាគខេត្ត Binh Thuan បាននិយាយថា Huu Nghi គឺជាច្រកព្រំដែនធំទីពីរសម្រាប់ការនាំចេញផ្លែស្រកានាគទៅកាន់ប្រទេសចិនដែលមានចំនួន 5 ភាគរយនៃចំនួនសរុប។ លោកបានបន្តថា កាលពីដើមប្រទេសចិនក៏បានហាមឃាត់ការនាំចូលតាមច្រកព្រំដែនដ៏ធំបំផុតគឺ Tan Thanh នៅក្នុងខេត្តដូចគ្នាដែលមានចំនួន ៩០% នៃផ្លែស្រកានាគដែលបានដឹកជញ្ជូនទៅកាន់ប្រទេសនោះ។
លោកបានបន្ថែមថា ដោយសារការហាមឃាត់នេះ រថយន្តកុងតឺន័រប្រមាណ ៤០០ គ្រឿងបានត្រឡប់ពីព្រំដែនទៅលក់ផ្លែឈើនៅប្រទេសវៀតណាមក្នុងការខាតបង់ប្រមាណ ៣០%។ ជាមួយគ្នានេះដែរកសិផលផ្សេងទៀតក៏កំពុងជួបការលំបាកក្នុងការចូលទៅកាន់ប្រទេសចិន ដែលជាប្រទេសនាំចូលផ្លែឈើវៀតណាមច្រើនជាងគេផងដែរ ចាប់តាំងពីចិនបានរឹតបន្តឹងវិធានការសុវត្ថិភាពកូវីដ-១៩ អស់រយៈពេលជាងមួយខែមកហើយ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


