អ្នក​នាំ​ចេញ​វៀតណាមជួបទុក្ខធំ ដោយសារ​បញ្ហា​ព្រំដែនគាំងស្ទះកុងតឺន័ររាប់ពាន់គ្រឿង អាចខាតបង់ប្រាក់ដល់ទៅ ១៧៥លានដុល្លារ
សេដ្ឋកិច្ច December 25, 2021 Khmernote

យោងតាមសមាគមន៍ផ្លែឈើវៀតណាម បាន​ឱ្យដឹងថា អ្នកនាំចេញអាចខាតបង់ប្រាក់ពី ៣-៤ ទ្រីលានដុង (១៣១-១៧៥ លានដុល្លារ) ប្រសិនបើកុងតឺន័រដឹកទំនិញចំនួន ៦,២០០គ្រឿង នៅតែជាប់គាំងនៅព្រំដែនវៀតណាម-ចិន។ ប្រធានសមាគមផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញ ជាធម្មតាដឹកទំនិញដែលមានតម្លៃពី ៥០០ទៅ ៩០០លានដុង (២២-៣៩ម៉ឺនដុល្លារ) ហើយការចំណាយលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរអាចកើនឡើង ១០០លានដុង (ជាង ៤ពាន់ដុល្លារ) បូកនឹងការចំណាយផ្សេងៗទៀត។

លោក​បន្ត​ថា នេះ​មាន​ន័យ​ថា ការ​ខាត​បង់​អាច​ប៉ះ​ពាល់​ដល់​ទៅ ៣-៤ ទ្រី​លាន​ដុង ប្រសិន​បើ​ទំនិញកសិកម្មដូចជា ផ្លែ​ស្រកានាគ ខ្នុរ ឪឡឹក និង​ស្វាយ​ ខូច​រលួយ​ ដោយសារ​ការ​យឺតយ៉ាវ។ បើតាមគយវៀតណាម គិតត្រឹមថ្ងៃទី២១ ខែធ្នូ មានរថយន្តកុងតឺន័រចំនួន ៦,២០០ គ្រឿងបានជាប់គាំងនៅព្រំដែនជាមួយប្រទេសចិន ដែលក្នុងនោះមាន ៤,៤០០ គ្រឿងនៅក្នុងខេត្ត Lang Son។ អ្នកនាំចេញត្រូវជាប់គាំងនៅចន្លោះថ្ម និងកន្លែងពិបាក៖ ពួកគេមិនអាចឆ្លងព្រំដែនទៅលក់ក្នុងប្រទេសចិនបានទេ ប៉ុន្តែការវិលត្រឡប់ទៅលក់ក្នុងស្រុកវិញទំនងជានឹងធ្វើឱ្យមានការខាតបង់ធំ។

ដោយឡែកបើតាម ពាណិជ្ជករមួយរូបនៅក្នុងតំបន់ដីសណ្តមេគង្គ បានប៉ាន់ប្រមាណថា ការខាតបង់របស់នាងមានចំនួនរាប់ពាន់លានដុង (1 ពាន់លានដុង = ៤៣,៦២៥ ដុល្លារ) នៅឆ្នាំនេះ។ លោកស្រីបានបន្ថែមថា គោលនយោបាយ “សូន្យកូវីដ” របស់ប្រទេសចិនបានធ្វើឱ្យអ្នកនាំចេញកសិកម្មវៀតណាមរងទុក្ខ។

ជាក់ស្ដែងប្រទេសចិនបាននឹងកំពុងរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពលើការនាំចូលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម ដែលបានរាយការណ៍ពីករណីថ្មីចំនួន ១៥,៩០០ ជារៀងរាល់ថ្ងៃក្នុងសប្តាហ៍ចុងក្រោយនេះ។ ជាមួយគ្នានេះដែរ ចិនបានបិទច្រកព្រំដែនមួយចំនួនរបស់ខ្លួនជាមួយប្រទេសវៀតណាម ធ្វើឱ្យច្រកទ្វារពីរក្នុងចំណោមច្រកទ្វារចំនួនបីនៅ Lang Son ដែលជាផ្លូវសំខាន់ៗសម្រាប់អ្នកនាំចេញវៀតណាម បណ្ដាលឱ្យមានការកកស្ទះកុងតឺន័រ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់វៀតណាម ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ១១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ហើយចិន ក៏ជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម នេសាទ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានប្រកាសចំណូលពីការនាំចេញចំនួន ៨.៤ ពាន់លានដុល្លារក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ១៩.២% នៃការនាំចេញកសិផលសរុបរបស់វៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress