ក្ដៅៗ! រដ្ឋាភិបាលថៃ សម្រេចដាក់ឱ្យអនុវត្តវិធានការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ឡើងវិញ ក្រោយផ្អាកបានមួយរយៈ
ទេសចរណ៍ December 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា រដ្ឋាភិបាលថៃ បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្នការចូលរបស់ជនជាតិថៃ និងអ្នកមកដល់បរទេស ក្រោមគ្រោងការណ៍ “Test & Go” និងកំពុងដាក់ឱ្យប្រើប្រាស់ការធ្វើចត្តាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅពេលមកដល់ ដោយសារតែការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron ។

នាយករដ្ឋមន្ត្រី Prayut Chan-o-cha បាននិយាយថា រដ្ឋាភិបាលនឹងបញ្ឈប់ការអនុម័តកម្មវិធីថ្មីសម្រាប់ការបញ្ចូល Test & Go លើកលែងតែគម្រោង “Phuket Sandbox” ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃទី៤ ខែមករា ប៉ុន្តែសម្រាប់ទេសចរដែលមានពាក្យស្នើសុំត្រូវបានអនុម័តពីមុន នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃដូចដូចបានគ្រោងទុក។

ថ្លែងបន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំនៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) ឧត្តមសេនីយ៍ Prayut បាននិយាយថា ការសម្រេចចិត្តនេះ គឺផ្អែកលើការភ័យខ្លាចជុំវិញការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron និង សុវត្ថិភាពរបស់សាធារណជនទូទៅ។
លោកបានបាននិយាយកាលពីថ្ងៃអង្គារថា អ្នកមកដល់ថ្មីនឹងឆ្លងកាត់ការធ្វើតេស្ត RT-PCR ហើយត្រូវដាក់ឱ្យធ្វើចត្តាឡីស័កក្នុងរយៈពេលពី៧ ទៅ១០ថ្ងៃ។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា រដ្ឋាភិបាលថៃបានដកតម្រូវការឱ្យធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរមកពីប្រទេស និងតំបន់ចំនួន ៦៣ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងឡើងវិញនូវសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត។ ក្នុងនោះមាន​តែ​អ្នក​ដែល​បាន​ទទួល​ថ្នាំ​បង្ការ​ពេញលេញ​ប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិ​ស្នើសុំ​ការ​លើក​លែង​នេះ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost