យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃបានអញ្ជើញប្រទេសចិនឱ្យចូលរួមកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើគម្រោងផែនទីផ្លូវហាយវេ-ផ្លូវដែក (MR Map) និងគម្រោងស្ពានដីនៅភាគខាងត្បូង។ ការអញ្ជើញនេះគឺធ្វើឡើងដោយរដ្ឋមន្ត្រីដឹកជញ្ជូន Saksayam Chidchob តាមរយៈលោក Han Zhiqiang ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីម្សិលមិញ។
ផែនទី ផ្លូវហាយវេ-ផ្លូវដែក (MR Map) នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលចង់ឱ្យមានការសាងសង់ផ្លូវ និងផ្លូវដែកសំខាន់ៗរវាងតំបន់យុទ្ធសាស្ត្ររបស់ប្រទេស ដើម្បីជួយជំរុញការតភ្ជាប់ ខណៈដែលគម្រោងស្ពានដីភាគខាងត្បូងនឹងអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញរវាងឈូងសមុទ្រថៃ និងសមុទ្រ Andaman ។
លោក Saksayam បាននិយាយបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញថា គម្រោងទាំងពីរនេះក៏មានគោលបំណងតភ្ជាប់ប្រទេសថៃជាមួយប្រទេសជិតខាង ដើម្បីកសាងឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាពថ្មី។ លោកបាននិយាយថា លោកក៏បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនអំពីវឌ្ឍនភាពក្នុងគម្រោងផ្លូវដែកថៃ-ចិន ក្នុងចំណោមវិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ។
ជាមួយគ្នានេះ លោកបន្ថែមថា នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា ឥឡូវនេះចង់ពន្លឿនការអនុវត្តគម្រោងផ្លូវដែកថៃ-ចិន ដើម្បីឱ្យប្រព័ន្ធផ្លូវដែកថ្មីអាចតភ្ជាប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានជាមួយនឹងផ្លូវរថភ្លើង Boten-Vientiane ដែលបានបើកដំណើរការកាលពីថ្ងៃទី២ ខែធ្នូ។
គួរឱ្យដឹងថា គម្រោងផ្លូវដែក ថៃ-ចិន ដំណាក់កាលទី ១ ដែលកំពុងសាងសង់ពីទីក្រុងបាងកក ទៅ នគររាជសីមា ត្រូវបានគេរំពឹងថានឹងរួចរាល់ ដើម្បីចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៦ ខណៈដែលការរចនាផ្លូវដែក ដំណាក់កាលទីពីរ ដែលដំណើរការពី នគររាជសីមា ទៅ ណងខៃ ឥឡូវនេះបានបញ្ចប់។ សម្រាប់ផ្នែកចុងក្រោយនៃផ្លូវដែកដែលលាតសន្ធឹងពីណងខៃទៅវៀងច័ន្ទ កិច្ចពិភាក្សាកំពុងត្រូវបានអនុវត្តរវាងប្រទេសថៃ ឡាវ និងចិន ដើម្បីបញ្ចប់ការអភិវឌ្ឍន៍ផ្លូវនេះ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


