ល្អណាស់! លទ្ធផលឆ្នាំទី១ កសិករខេត្តកំពតផលិតស្រូវ ១ប្រភេទនេះបាន ៥៣តោន និងលក់បានតម្លៃខ្ពស់ជាងនៅទីផ្សារ
សេដ្ឋកិច្ច December 17, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មន្រ្តីអង្គការ BirdLife បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះថា នៅក្នុងខែនេះ សមាជិកសហគមន៍ផលិតអង្ករស្រូវមិត្តក្រៀលចំនួន៤១គ្រួសារ ដែលមានដីស្រែជាប់ និង តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ចប់ការច្រូតកាត់ ជាស្ថាពរហើយ ដោយទទួលផលប្រមាណជា៥៣តោន។ ៦២ភាគរយ នៃទិន្នផល ដែលទទួល បានកសិករយើងបានសម្រេចចិត្តទុកបរិភោគ ដោយឡែក៣៨ភាគរយទៀតត្រូវបានលក់ ក្រោមការជួយគាំទ្រពីគម្រោងដោយទទួលបានតម្លៃ ៤ភាគរយខ្ពស់ជាងទីផ្សារ។

មន្រ្តីរូបនោះបន្តថា អង្គការ BirdLife សូមអរគុណដល់មូលនិធិ Keidanren Nature Conservation Fund ដែលបានគាំទ្រហិរញ្ញវត្ថុដល់គម្រោងសហគមន៍ស្រូវមិត្តក្រៀលនេះ តាមរយៈអង្គការជីវិតធម្មជាតិនៅកម្ពុជា។ គម្រោងសហគមន៍ស្រូវមិត្តក្រៀលនៅតំបន់ អន្លង់ ព្រីងសហការអនុវត្តន៍ដោយក្រសួងបរិស្ថាន អង្គការ ជីវិតធម្មជាតិនៅកម្ពុជា និងអង្គការ CRDT។

សូមជម្រាបជូនថា អង្ករមិត្តក្រៀល គឺជាផលិតផលមេត្រីភាពសត្វស្លាប។ ការដាំដុះ ស្រូវមិត្តក្រៀល ត្រូវគោរពលក្ខខណ្ឌចំនួន១២ចំណុច និងអនុវត្តន៍តាមវិធីសាស្រ្តកសិកម្ម បែបធម្មជាតិដោយកាត់បន្ថយការប្រើប្រាស់ថ្នាំ និងជីគីមីជាអតិបរមា ដើម្បីចូលរួមកាត់បន្ថយ ការប៉ះពាល់ដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះជាពិសេសសត្វក្រៀល។ បន្ថែមលើសនេះកសិករផលិតស្រូវមិត្តក្រៀលបាន បន្សល់ស្រូវ ក្នុងស្រែចំនួន៥ភាគរយដើម្បី ទុកជាចំណីរបស់សត្វក្រៀល៕

ប្រភព៖ ក្រសួងព័ត៌មាន