យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កសិផលរបស់កម្ពុជាដែលនាំចូលមកវៀតណាមមានការកើនឡើង ខណៈថ្មីៗនេះក្រុមហ៊ុន និងប្រជាពលរដ្ឋវៀតណាមមួយចំនួនបានជួលដីកសិកម្មនៅកម្ពុជាដើម្បីដាំដំណាំ។ តាមប្រភពដដែល បានឱ្យដឹងថា បរិមាណអង្ករកម្ពុជា គ្រាប់ស្វាយចន្ទី ពោត សណ្តែកខៀវ និងសណ្តែកសៀង ដែលវៀតណាមនាំចូលក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ កើនឡើង ៣-៤ ដងធៀបនឹងឆ្នាំមុន។
អ្នកវិទ្យាសាស្ត្រកសិកម្មវៀតណាម លោក Vo Toan Xuan មានប្រសាសន៍ថា កសិផលកម្ពុជាកាន់តែច្រើនកំពុងត្រូវបានវៀតណាមទិញដោយសារតម្លៃ និងគុណភាព។ លោកបានបន្ថែមថា ប្រទេសកម្ពុជាមានដីមានជីជាតិច្រើន ហើយកសិករមិនប្រើប្រាស់ថ្នាំពុលគីមីច្រើនទេ ហើយថ្មីៗនេះមានក្រុមហ៊ុន និងប្រជាពលរដ្ឋវៀតណាមមួយចំនួនបានជួលដីកសិកម្មនៅកម្ពុជាដើម្បីដាំដំណាំដូចជា ស្វាយ ពោត និងអំពៅ។
គួរឱ្យដឹងថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ៩១២,០០០តោន ពោតជាង ១៣៤,០០០តោន, សណ្តែកបាយ ២៦,០០០តោន, សណ្តែកសៀង ៦៦,២០០តោន និងម្រេចជាង ២៦លានតោន ទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


