ជប៉ុនបានបរិច្ចាគរថភ្លើងដឹកអ្នកដំណើរមួយទឹកចំនួន ១៧ គ្រឿង ដល់ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ ទូរថភ្លើង Kiha 183 ដែលពីមុនបានបម្រើការនៅលើខ្សែរថភ្លើងហុកកៃដូរបស់ជប៉ុន បានមកដល់កំពង់ផែ Laem Chabang ក្នុងខេត្ត Chon Buri កាលពីថ្ងៃចន្ទ។
អភិបាលរងនៃ SRT លោក Siripong Prutipan បាននិយាយថា ទូរថភ្លើងទាំងនេះនឹងត្រូវដឹកទៅកាន់ទីធ្លាថែទាំ Makkasan ដើម្បីត្រួតពិនិត្យឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះដែរ នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ២ឆ្នាំ ដើម្បីកែច្នៃទូរថភ្លើងទាំងនេះឡើងវិញ មុនដាក់ឱ្យដំណើរការ។
គួរបញ្ជាក់ផងដែរថា បើតាមអភិបាលរងនៃ SRT រថភ្លើងដែលប្រើប្រាស់រួចំនួន ១៧គ្រឿងនេះ អាចប្រើប្រាស់បានរហូតដល់រយៈពេល ៥០ឆ្នាំទៀត។ ហើយនៅពេលដែលជួសជុល និងកែច្នៃរួច ទូរថភ្លើងទាំងនេះ នឹងត្រូវបានប្រើសម្រាប់ការធ្វើដំណើរទៅកាន់ខេត្តជិតខាងរបស់ទីក្រុងបាងកក៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


