រាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ
សេដ្ឋកិច្ច December 15, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាល បានប្ដេជ្ញាពង្រឹងពង្រីកយន្តការនិងសមត្ថភាពស្ថាប័នធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីលើកកម្ពស់ជីវភាពកម្មករ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ប្រាក់ឈ្នួលសកល ឆ្នាំ ២០២០-២០២១ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងនឹងបន្តខិតខំបន្ថែមទៀត ក្នុងការពង្រឹងការ អនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារ ការពង្រឹងពង្រីកយន្តការនិងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រាក់ឈ្នួលអប្បបរមាកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងជាមួយកម្ពុជា បានពន្យារពេល ឬមិនបានផ្តល់ឱកាសឱ្យមានការជជែកចរចាប្រាក់ឈ្នួលអប្បបរមានោះឡើយ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ការដំឡើងនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានា និងរក្សាស្ថេរភាពជីវភាពរបស់កម្មករនិយោជិត ដោយឈរលើអភិក្រមនៃការវាយតម្លៃ តុល្យភាពរវាងផលប៉ះពាល់ជាអវិជ្ជមាន ដល់សង្គម- សេដ្ឋកិច្ច និងការងារ ទៅនឹងនិរន្តរភាពនៃរោងចក្រ សហគ្រាស និងការការពារប្រាក់ចំណូលរបស់កម្មករនិយោជិត និងគ្រួសារ ដែលស្របតាមអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ ILO។

ឯកឧត្តមរដ្ឋមន្រ្តី ជឿជាក់ថា សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលតំណាងឱ្យភាគីរាជរដ្ឋាភិបាល តំណាងឱ្យភាគីនិយោជកនិង តំណាងឱ្យភាគីកម្មករនិយោជិត នឹងទទួលបាននូវចំណេះដឹង ពត៌មាន និងបទពិសោធន៍ល្អៗពីការវិវឌ្ឍន៍នៃការអនុវត្តប្រព័ន្ធប្រាក់ ឈ្នួល ប្រាក់ឈ្នួលអប្បបរមា ពីបណ្តាប្រទេសផ្សេងៗ ដើម្បីជាមូលដ្ឋានបន្ថែមទៀតក្នុងការពង្រឹងយន្តការកំណត់ប្រាក់ ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ដែលធ្វើឱ្យស្ថាន ភាពវិស័យការងារនៅកម្ពុជាកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ខាងមុខ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់១៩៤ដុល្លារក្នុងមួយខែ៕

ប្រភព៖ ក្រសួងព័ត៌មាន