រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណង ជិត ១៤លានដុល្លារអាមេរិក អនុវត្តគម្រោងមួយនេះនៅខេត្តព្រះសីហនុ
សេដ្ឋកិច្ច December 15, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដម​ ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម មិកាមិ​ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និងឯកសារពាក់ព័ន្ធ ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។​​

ហិរញ្ញប្បទានឥតសំណង​ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ​ព្រម​ទាំង​ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ​​និងចំណង​មិត្តភាពជាប្រពៃណីរវាង​ប្រទេស​ទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន