រដ្ឋាភិបាលថៃ បញ្ចេញថវិកាជាង ២ពាន់លានដុល្លារ ស្តារប្រឡាយមួយនៅក្រុងបាងកក ដែលហុចប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច និងសង្គម
សេដ្ឋកិច្ច December 15, 2021 Khmernote

រដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារ បានយល់ព្រមក្នុងការផ្តល់ថវិកាចំនួន ៨២.៥ ពាន់លានបាត (ប្រមាណ ២.៤៧ពាន់លានដុល្លារ) ដើម្បីស្តារឡើងវិញប្រឡាយ Klong Saen Saeb របស់ទីក្រុងបាងកក ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ (២០២១-២០៣១។ សំណើសម្រាប់ការស្តារប្រឡាយនេះ ធ្វើឡើងដោយការិយាល័យធនធានទឹកជាតិ (ONWR)។

លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរដ្ឋាភិបាលបាននិយាយថា ៨១% នៃថវិការបស់គម្រោងនឹងបានមកពីរដ្ឋាភិបាល ហើយនៅសល់បានមកពីមូលនិធិ BMA និងភាពជាដៃគូសាធារណៈ (PPP)។ ផែនការស្តារឡើងវិញមានគោលបំណងដោះស្រាយបញ្ហាទឹកសំណល់ដែលហូរចូលប្រឡាយ និងបញ្ហាសំរាមអណ្តែតទឹកនៅប្រឡាយ Klong Saen Saep ដែលជាផ្លូវដឹកជញ្ជូនផ្នែកផ្លូវទឹកដ៏សំខាន់មួយរបស់ទីក្រុងបាងកក។

លោកស្រី Rachada បានបន្ថែមថា ភ្នាក់ងារចំនួន ៨ នឹងធ្វើការដើម្បីលើកកម្ពស់សុវត្ថិភាពដឹកជញ្ជូនតាមប្រឡាយ កែលម្អទេសភាពជុំវិញ លុបបំបាត់ការបំពុល ការបំផ្លាញធនធានធម្មជាតិ និងគ្រប់គ្រងធនធានទឹកតាមរយៈអនុគម្រោងចំនួន ៨៤ ។ ការបង្កើនសមត្ថភាពព្យាបាលទឹក នឹងជួយពន្លឿនការបង្ហូរទឹក និងពង្រីកតំបន់ការពារទឹកជំនន់ក្នុងទីក្រុងបាងកក ហើយផែ​ ​ក៏​នឹង​ត្រូវ​សាងសង់​នៅ​តាម​បណ្តោយប្រឡាយ ដើម្បី​ទទួល​អ្នក​ដំណើរ​ពី ៨០០ ទៅ ១០០០ នាក់​ក្នុង​មួយ​ថ្ងៃ ដែល​ប្រើ​កាណូត​អគ្គិសនី​ធ្វើ​ដំណើរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost