រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញវិស័យឯកជនឱ្យត្រៀមទទួលភ្ញៀវនៅពេលឆ្លងឆ្នាំ ខណៈកំណើនភ្ញៀវទេសចរផ្ទៃក្នុងកំពុងកើនឡើង
ទេសចរណ៍ December 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នាថ្ងៃ ១៣ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញវិស័យឯកជនត្រៀមទទួលភ្ញៀវនៅពេលឆ្លងឆ្នាំ ខណៈនៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងគឺមានកើនឡើងលើសសប្ដាហ៍មុនៗទៀត ដោយភ្ញៀវទេសចរសរុបមានចំនួន ២២២,៥២៧ នាក់ ក្នុងនោះភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។

ក្នុងនោះដែរ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់ ,រាជធានីភ្នំពេញ ២៨,៨៤៤ នាក់, ខេត្តកំពត ២៧,០៤១ នាក់ ,ខេត្តកំពង់ស្ពឺ ២៦,៥២៥ នាក់, ខេត្តពោធិ៍សាត់ ២០,៨២៦ នាក់ ,ខេត្តសៀមរាប ១៩,១៦៣ នាក់, ខេត្តបាត់ដំបង ១៣,៨៥០ នាក់, ខេត្តកែប ៧,២៣៦ នាក់ ,ខេត្តមណ្ឌលគិរី ៦,៩១៤ នាក់។

ជាការកត់សម្គាល់របស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន តួលេខខាងលើមានការកើនឡើងប្រមាណ ២២.៩៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ខេត្តព្រះសីហនុបានក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូល ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រចាំសប្តាហ៍ក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ។ ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញដល់វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ត្រូវបន្តរៀបចំអាជីវកម្មខ្លួនឱ្យមានគុណភាពល្អ សម្រាប់ទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកឆ្លងឆ្នាំ២០២១ ឆ្លងចូល ២០២២ខាងមុខនេះ៕

អត្ថបទ៖ លីនី