វៀតណាម ចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយតម្លៃជាង ១៧០លានដុល្លារហើយ ដែលជាហិរញ្ញប្បទានរបស់ក្រុមហ៊ុន Vingroup
សេដ្ឋកិច្ច December 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា វៀតណាមបានចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយ VinES ដែលមានតម្លៃ ៤ទ្រីលានដុង (ជិត ១៧៣.៧ លានដុល្លារអាមេរិក) ហើយកាលពីថ្ងៃទី១២ ខែធ្នូ នៅតំបន់សេដ្ឋកិច្ច Vung Ang ភាគកណ្តាលខេត្ត Ha Tinh។

ទទួលបានហិរញ្ញប្បទានដោយក្រុមហ៊ុនឯកជន Vingroup រោងចក្រនេះនឹងត្រូវបានអភិវឌ្ឍលើផ្ទៃដី ៨ហិកតាក្នុងដំណាក់កាលដំបូងរបស់ខ្លួន ដោយនឹងត្រូវផ្គត់ផ្គង់អាគុយលីចូមសម្រាប់រថយន្តអគ្គិសនី និងរថយន្តក្រុងរបស់ VinFast ។

នៅក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាមបានលើកឡើងថា ជោគជ័យរបស់ Vingroup កំពុងលេចឡើងជាបណ្តើរៗនៃក្រុមឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមិនត្រឹមតែបង្កើតការបំផុសគំនិតសម្រាប់ក្រុមសេដ្ឋកិច្ចផ្សេងទៀតក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី “Make-in-Vietnam” លើការផលិត កែច្នៃឡើងវិញ និងការប្រើប្រាស់ថ្មថាមពលកកើតឡើងវិញ។

លើសពីនេះ ការចាប់យក និងអភិវឌ្ឍបច្ចេកវិទ្យាថ្មយ៉ាងសកម្មគឺជាធាតុផ្សំដ៏សំខាន់ដើម្បីជួយ VinFast ឱ្យសម្រេចបានយ៉ាងឆាប់រហ័សនូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីឆ្លាតវៃទូទាំងពិភពលោក។ ការផលិតថ្មដោយខ្លួនឯងនឹងធានាបាននូវការផ្គត់ផ្គង់អាគុយចម្រុះ និងសមរម្យសម្រាប់ខ្សែនីមួយៗនៃរថយន្តអគ្គិសនី VinFast ខណៈពេលដែលបំពេញតម្រូវការថ្មរបស់ទីផ្សាររថយន្តអគ្គិសនីក្នុងស្រុក និងអន្តរជាតិបានប្រសើរជាងមុន ដែលរួមចំណែកដល់បដិវត្តរថយន្តអគ្គិសនីសកល។

គួរឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធទាំងមូលរបស់រោងចក្រ រួមទាំងផ្នែកកាត់ ផ្នែកផ្សារដែក និងផ្នែកវេចខ្ចប់ (កញ្ចប់អាគុយ) ត្រូវបានសាងសង់ឡើងដើម្បីផលិតកញ្ចប់ថ្ម ១០០,០០០ ក្នុងមួយឆ្នាំ។ ដំណាក់កាលទីពីរ នៃរោងចក្រនឹងពង្រីកការផលិតដើម្បីរួមបញ្ចូលការផលិតធាតុថ្ម និងបង្កើនសមត្ថភាពដល់កញ្ចប់អាគុយមួយលាន ក្នុងមួយឆ្នាំ៕

(រូបតំណាង)

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus