យោងតាមទេសាភិបាលធនាគារកណ្តាលថៃ (BOT) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃអាចនឹងត្រលប់ទៅកម្រិតដែលបានកត់ត្រាមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣។ លោក Sethaput Suthiwartnaruput ទេសាភិបាល BOT ត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃទី៨ ខែធ្នូ នៅក្នុងវេទិកាមួយដែលរៀបចំដោយក្រសួងការបរទេស។
លោកបាននិយាយថា ជំងឺរាតត្បាតបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង ជាពិសេសវិស័យទេសចរណ៍ ដែលមានចំនួន ១២ភាគរយនៃផលិតផលក្នុងស្រុកសរុប ដោយក្នុងឆ្នាំ ២០១៩ ប្រទេសថៃបានកត់ត្រាការមកដល់របស់ជនបរទេសជិត ៤០លាននាក់។
ជាមួយគ្នានេះដែរ មុននេះ ផ្នែកស្រាវជ្រាវរបស់ធនាគារ Siam Commercial Bank បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ខ្លួនពី ៣.៤ % មកត្រឹម ៣.២% ដោយសារការលេចឡើងនៃវ៉ារ្យ៉ង់ Omicron ដែលត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងពន្យារពេលការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសថៃ រហូតដល់យ៉ាងហោចណាស់នៅដើមឆ្នាំក្រោយ។
សរុបមក សេដ្ឋកិច្ចនៅឆ្នាំ២០២២ នឹងឃើញការស្ទុះងើបឡើងវិញជាលំដាប់ពីផលប៉ះពាល់យូរអង្វែង នេះបើយោងតាមលោក Yunyong Thaicharoen ប្រធានសេដ្ឋវិទូនៅ Siam Commercial Bank Economic Intelligence Center (SCB EIC)។ លោកបាននិយាយថា (SCB EIC) រំពឹងថា សេដ្ឋកិច្ចនឹងត្រលប់ទៅកម្រិតមុនការរាតត្បាតឆ្នាំ២០១៩ របស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០២៣៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


