យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេក ទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្រុងសៀម រាប ខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរ និងណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភណភាពថែមមួយកម្រិតទៀត។
បើតាមឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ការចុះពិនិត្យមើលគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តន៍តាមលក្ខណៈបច្ចេកទេសសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។
ក្នុងដំណើរចុះពិនិត្យស្ថានភាព នៃការសង់សង់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង(AC)ការដាំកូនរុក្ខជាតិលម្អសោភណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ការដាំស្មៅនិងផ្កាលម្អសួននិងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។ ទន្ទឹមនេះ ឯកឧត្ដមក៏បានជំរុញឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូស្រោចផ្លូវឱ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ចៀសវាងកុំឱ្យស្រក់នៅតាមដងផ្លូវ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបានស្ថាបនារួច។
ជាលទ្ធផលនៃការត្រួតពិនិត្យ ទាក់ទងនឹងការអ៊ុតបេតុងកៅស៊ូ ឯកឧត្តមទេសរដ្ឋមន្ត្រីបានពិនិត្យឃើញបញ្ហាកំហុសបច្ចេកទេសបន្តិចបន្តួចក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់អង្គភាពសាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធធ្វើការកែតម្រូវឱ្យបានសមស្របទៅនឹងស្តង់ដារបច្ចេកទេសនៃការសាងសង់។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៩២,៧២% នៃទំហំការងារសរុប៕











ប្រភព៖ ក្រសួងព័ត៌មាន


