កសិករថា តម្លៃស្រូវថោកលក់ទូទាត់មិនរួចថ្លៃថ្នាំ និងជី ខណៈមន្រ្តីមន្ទីរពាណិជ្ជកម្មបានលើកឡើងបែបនេះ
សេដ្ឋកិច្ច December 7, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាកសិករខេត្ដបាត់ដំបងបានលើកឡើងថា តម្លៃកសិផលស្រូវនាឆ្នាំនេះលក់ហើយទូទាត់ថ្លៃដើមទុន និងសងថ្លៃថ្នាំ ថ្លៃជី មិនគ្រប់ឡើយ ខណៈអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ដបាត់ដំបងបានណែនាំពលរដ្ឋថាដោយ សារបច្ចេកទេសដាំដុះនិងប្រើប្រាស់ថ្នាំ ជី របស់ប្រជាកសិករខុសបច្ចេកទេស ដូច្នេះកសិករគួរងាកមកប្រើប្រាស់ ជី របស់ខ្មែរវិញ។

ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងឃុំអូតាគី ស្រុកថ្មគោល ខេត្ដបាត់ដំបងបានថ្លែងថា សព្វថ្ងៃការប្រកបរបរធ្វើស្រែពិបាកណាស់ ព្រោះតម្លៃស្រូវថោក តែតម្លៃជី តម្លៃថ្នាំ តម្លៃម៉ាស៊ីនច្រូតគឺកាន់តែឡើងថ្លៃជាបន្ត បន្ទាប់។ ពលរដ្ឋបន្ថែមថា «បើសិនជាមានរបស់របរប្រើប្រាស់ ខ្លួនឯងគឺមិនសូវមានបញ្ហានោះទេតែបើជួលគេវិញគឺគ្មានសល់ដើម សល់ទុនអីទេ ដែលកត្តានេះ បូករួមនៅពេលប្រមូលផលបានហើយតម្លៃស្រូវធ្លាក់ថោក បានជំរុញឱ្យកសិករមួយចំនួនសម្រេចចិត្ដឈប់ធ្វើស្រែតែម្ដង»។

កសិករម្នាក់ទៀតក៏បានលើក ឡើងបន្ថែមថា កសិករនាពេលបច្ចុប្បន្នខិតខំប្រឹងធ្វើ ស្រែណាស់ ហើយពេលខ្លះត្រូវជួបនឹងគ្រោះធម្មជាតិបើមិនរាំងស្ងួតស្វិត ក៏លិចទឹកជំនន់ដែរ ដល់ពេលគេចផុតត្រូវបានប្រមូលផលបែរជាជួបបញ្ហាតម្លៃស្រូវធ្លាក់ថោកទៅ វិញ។ កសិករថា «បើមិនលិច ស្វិត តែគេចផុតគ្រោះធម្មជាតិហើយ មកជួបបញ្ហាធ្លាក់តម្លៃទៀតឱ្យកសិករខ្មែរសង្ឃឹមអ្វី បើលក់ស្រូវទៅទូទាត់ ថ្លៃដើមទុន ចំណាយផ្សេងៗ និងសងថ្លៃជី ថ្លៃថ្នាំគេមិនរូចផង»។

ពាក់ព័ន្ធនឹងបញ្ហានេះលោក ហ៊ីន វុទ្ធី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ដបាត់ដំបង បានលើកឡើងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចំការចេកបាត់ដំបង នាថ្ងៃទី២ ខែ ធ្នូ ឆ្នាំ២០២១ ថាបញ្ហាដែលតម្លៃស្រូវធ្លាក់ចុះដោយសារមានប្រទេសជិតខាងបានដាំដុះ និងលក់ចេញស្រូវប្រជែងប្រទេសកម្ពុជាក្នុងតម្លៃថោកជាង ទើបតាមរោងម៉ាស៊ីនសម្រេចចិត្ដប្រមូលទិញស្រូវពីកសិករក្នុងតម្លៃមួយដែលសមរម្យ ទាំងម្ចាស់រោងម៉ាស៊ីនពុំបានទទួលកម្រៃចំណេញឡើយ។ លោកបន្តថា សម្រាប់តម្លៃថ្នាំ តម្លៃជី គឺជារបស់នាំចូលពីបរទេសដូច្នេះហើយដោយសារការ ផលិតរបស់ប្រទេសគេមាន ការយឺតយ៉ាវ ឬត្រូវឡើងថ្លៃខាងមន្ទីរមិនអាចទម្លាក់តម្លៃបានទេ។

លោកបានបន្ថែមផងដែរថា ចំពោះរឿងប្រមូលផលស្រូវហើយទូទាត់ ប្រាក់ចំណាយផ្សេងៗមិនគ្រប់គ្រាន់គឺដោយ សារកសិករដាំដុះ និងប្រើ ប្រាស់ថ្នាំ និងជី ខុសបច្ចេក ទេស ទើបប្រមូលផលមកមិនសូវបានល្អ ។

លោកបានអំពាវនាវដល់ប្រជា កសិករគួរសិក្សារៀនសូត្រឱ្យបានច្បាស់ពីរបៀបដាំដុះ និងងាកមកគាំទ្រប្រើប្រាស់ផលិត ផលខ្មែរវិញ ដែលមានតម្លៃសមរម្យ អាចទទួលយកបាន ខណៈសព្វថ្ងៃខេត្ដបាត់ដំបងមានក្រុមហ៊ុនមួយកំពុងចុះ ឈ្មោះធ្វើអាជីវកម្មផលិតជីដោយខ្លួនឯងផ្ទាល់។

គួរបញ្ជាក់ថា តម្លៃស្រូវនាពេលបច្ចុប្បន្ន ស្រូវរំដួលលេខ១ មានតម្លៃ ៩៩០រៀល ក្នុង១គីឡូក្រាម ស្រូវសែនក្រអូបលេខ១ មានតម្លៃ ៩៥០រៀលក្នុង១គីឡូក្រាម ខណៈតម្លៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០២០គឺមានការធ្លាក់ចុះ ពី១៤០រៀល ទៅ ១៥០រៀលក្នុង១គីឡូក្រាម៕

ប្រភព៖ ក្រសួងព័ត៌មាន