ក្ដីសង្ឃឹមថ្មីសម្រាប់វិស័យទេសចរណ៍! ចិន នឹងជួយលើទឹកចិត្តទេសចរ វិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់រវាងប្រទេសទាំងពីរ
ទេសចរណ៍ December 6, 2021 Khmernote

ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា ប្រទេសចិននឹងជួយលើទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ។ ការលើកឡើងបែបបនេះ ត្រូវបានបង្ហាញនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអតន្តរជាតិ ស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២១។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ឯកឧត្តម វ៉ាង យី បញ្ជាក់ជាថ្មីម្ដងទៀតថា ប្រទេសចិនក៏នឹងគាំទ្រ ចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងដទៃទៀត ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ប្រទេសចិន សម្របសម្រួលឱ្យមានការវិលត្រលប់របស់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិនវិញផងដែរ៕

អត្ថបទ៖ លីនី