គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយក គម្រោង និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ននីដា និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យដំណើរការនៃគម្រោងសាងសង់អគារច្រកទ្វារ អន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺក្នុងន័យតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ នៃអគារច្រកទ្វារ អន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ការ ធ្វើចរាចរ ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ កម្ពុជា និង ថៃ។
នៅក្នុងកិច្ចប្រជុំនោះ លោក តាន់ គឹមហួត តំណាងក្រុមហ៊ុនចម្រុះ CM Grand Development និង Tan Kim Eng បានបញ្ជាក់ថា បច្ចុប្បន្ន គម្រោងអនុវត្តការងាររបស់ខ្លួនសម្រេចបាន ៣០ភាគរយហើយៗក្រុមហ៊ុនសាងសង់បានប្តេជ្ញាចិត្តថា នឹងបញ្ចប់គម្រោងសាងសង់ ច្រកអន្តរជាតិនេះ ទៅតាមផែនការកំណត់។
ឯកឧត្តម គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័ន នីដា (NEDA) នៃប្រទេសថៃ បានជំរុញឱ្យក្រុមហ៊ុនចម្រុះ CM និង TKE ខិតខំអនុវត្តគម្រោងឱ្យសម្រេចបានតាមផែនការកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់ និងគោរពតាមបទដ្ឋានបច្ចេកទេស និងប្លង់ បច្ចេកទេសរបស់គម្រោង។ សូមបញ្ជាក់ថា គម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់និងមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការដឹកជញ្ជូន និងកាត់បន្ថយពេលវេលាក្នុងការត្រួតពិនិត្យ៕






ប្រភព៖ ក្រសួងព័ត៌មាន


