គណៈរដ្ឋមន្ត្រីថៃ បានអនុម័តជាគោលការណ៍នូវទិដ្ឋាការព្យាបាលជំងឺរយៈពេលមួយឆ្នាំ ដើម្បីទាក់ទាញជនបរទេសដែលមានបំណងចង់បានសេវាកម្មព្យាបាល និងកម្សាន្តនៅក្នុងប្រទេសថៃ។ Yhe Medical Treatment Visa ឬទិដ្ឋាការមិនមែន MT នឹងមានសម្រាប់អ្នកជំងឺដែលត្រូវការសេវាវេជ្ជសាស្រ្តនៅក្នុងប្រទេសថៃ និងអ្នកដែលមកជាមួយ (អ្នកកំដរអ្នកជំងឺ) រហូតដល់ ៣នាក់ សម្រាប់អ្នកជំងឺម្នាក់ នេះបើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek ដែលត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
អ្នកកាន់ទិដ្ឋាការ នឹងអាចស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ ៩០ថ្ងៃក្នុងពេលមកដល់ ប៉ុន្តែអាចស្វែងរកការអនុញ្ញាតសម្រាប់ការស្នាក់នៅបន្ត ប្រសិនបើការព្យាបាលវេជ្ជសាស្រ្តរបស់ពួកគេតម្រូវឱ្យស្នាក់នៅយូរ។ ជាមួយគ្នានេះ ពួកគេត្រូវតែបង្ហាញវិញ្ញាបនបត្រវេជ្ជសាស្ត្រដែលចេញដោយមន្ទីរពេទ្យរដ្ឋ ឬឯកជន ឬវិទ្យាស្ថានវេជ្ជសាស្ត្រក្នុងវិស័យរដ្ឋាភិបាល។
ជនបរទេសដែលមានសិទ្ធិទទួលបានទិដ្ឋាការថ្មី គឺជាអ្នកជំងឺដែលត្រូវការសេវាវេជ្ជសាស្រ្តដែលស្ទាត់ជំនាញនៅក្នុងតំបន់ នៅប្រទេសថៃ។ លោកស្រី Rachada Dhnadirek បាននិយាយថា ទាំងនេះរួមមានថ្នាំប្រឆាំងភាពចាស់ ការស្តារសុខភាពឡើងវិញ ការវះកាត់កែសម្ផស្ស ទន្តព្ទ្យវិទ្យា និងការព្យាបាលជំងឺមហារីក និងជំងឺសរសៃឈាមបេះដូង។
អ្នកជំងឺ និងអ្នកដែលមកជាមួយ ម្នាក់ៗត្រូវបង្ហាញរបាយការណ៍ធនាគារដែលមានប្រាក់បញ្ញើយ៉ាងតិច ៨០០,០០០ បាត (ប្រហែល ២៤,០០០ដុល្លារ) ហើយមានការធានារ៉ាប់រងលើជំងឺកូវីដ-១៩ នៅប្រទេសថៃយ៉ាងហោចណាស់ ១០០,០០០ ដុល្លារ ឬប្រហែល 3 លានបាត ហើយអ្នកជំងឺត្រូវតែធ្វើការណាត់ជួបជាមួយមន្ទីរពេទ្យ ឬគ្លីនិករបស់ពួកគេឱ្យបាន ៣០ថ្ងៃជាមុន៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


