នាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងមិនដាក់ការបិទប្រទេសឡើយ បើទោះបីជាមានការព្រួយបារម្ភពីក្រៅប្រទេសអំពីវ៉ារ្យ៉ង់ Omicron នៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែការបិទកន្លែងកម្សាន្តទំនងជានឹងត្រូវបន្តទៀត។ លោក Prayut Chan-o-cha បាននិយាយថា ការបិទទូទាំងប្រទេស គឺមិនចាំបាច់ទេ រដ្ឋាភិបាលនឹងដោះស្រាយដោយការបន្តការធ្វើតេស្តអ្នកដំណើរ ដែលមកដល់សម្រាប់វ៉ារ្យ៉ង់ថ្មី។
លោកបានបញ្ជាក់ថា “វិធានការដ៏តឹងរ៉ឹងគឺមិនចាំបាច់នោះទេ ប៉ុន្តែតម្រូវឱ្យមានការធ្វើតេស្ត RT-PCR ហើយការឱ្យធ្វើចត្តាឡីស័ក ដើម្បីរង់ចាំលទ្ធផលតេស្តចេញ” ។ លោកបន្តថា ដើម្បីជាប្រយោជន៍ដល់សុខភាពសាធារណៈ រដ្ឋាភិបាលក៏អាចនឹងត្រូវពន្យារពេលបន្ថែមទៀតចំពោះការបើកហាងស្រា បារ និងហាងខារ៉ាអូខេ។ ជាមួយគ្នានេះ បើទោះបីត្រូវផ្អាកបន្ត វិធានការជំនួយនឹងត្រូវបានស្នើទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ។
គួរឱ្យដឹងថា Omicron ដែលត្រូវបានគេដាក់ឈ្មោះថា “វ៉ារ្យ៉ង់នៃក្តីបារម្ភ” ដោយអង្គការសុខភាពពិភពលោកកាលពីសប្តាហ៍មុន គឺជាប្រភេទមេរោគឆ្លងថ្មី និងខ្លាំងជាងគេ ហើយប្រទេសថៃ និងបណ្តាប្រទេសផ្សេងទៀតបានរឹតបន្តឹងការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ដែលជាកន្លែងមេរោគត្រូវបានរកឃើញដំបូង។ យ៉ាងណាមិញ បើតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តី រហូតមកដល់ពេលនេះមិនមានករណី Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនោះទេ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


