យោងតាមរបាយការណ៍របស់គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត បានឱ្យដឹងថា៖ ក្នុងរយៈពេល១១ខែ (ពីខែកុម្ភៈ ដល់ខែវិច្ឆិកា) ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ៤៨០២ លេខ ទទួល បានចំណូលថវិកាប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និងផ្លាកលេខពិសេសរាជធានី-ខេត្តលក់បាន ២៥៣៦៤ លេខ ទទួលបានចំណូលថវិកាប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល ក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្តល់ជំនួយបច្ចេកទេសសម្រាប់ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានថ្លែងអំណរគុណ និងកោតសរសើរ យ៉ាងជ្រាលជ្រៅដល់អនុគណៈកម្មការទាំងពីរ ដែលបានរាយការណ៍ការងារបច្ចុប្បន្ន ក៏ដូចជាបញ្ជាក់បន្ថែមអំពីបច្ចេកទេសព័ត៌មានវិទ្យា និងលទ្ធផលការងារដែលបានខិតខំប្រឹងប្រែងសម្រេចបានក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ជាពិសេសបានកោតសរសើរចំពោះមណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ ដែលបានឆ្លើយតប និងផ្តល់ព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។
លោកជំទាវ កុយ សុដានី ក៏បានគូសបញ្ជាក់ផងដែរអំពីសមិទ្ធផលការងារសម្រេចបានទាក់ទងនឹងការងារផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនកាន់តែមាន ភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីភាពចាស់ទុំជាងមុន និងគួរតែលើកយកទៅបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២របស់ក្រសួងផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីផែនការសកម្មភាពក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការលក់លេខពិសេសផ្ទាល់ខ្លួន ជាពិសេសការអញ្ជើញក្រុមហ៊ុនឱ្យធ្វើការជាមួយយើងដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបានឯកភាព លើផែនការយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធ DIGITAL ការប្រារព្ធខួបពីរឆ្នាំនៃការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធីនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដតាមបណ្ដារាជធានី-ខេត្ត ដើម្បីជំរុញការយល់ដឹងបន្ថែមអំពីលេខពិសេសផ្ទាល់ខ្លួន(កម្ពុជា) ក៏ដូចជាលេខពិសេសចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលនៅតាមរាជធានី-ខេត្តផងដែរ។
លោកជំទាវរដ្ឋលេខាធិការ ក៏បានឯកភាពលើការបណ្តុះបណ្តាលក្រុមការងារបច្ចេកទេស (Developer)ឱ្យមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(IT)កម្រិតខ្ពស់ផ្នែកដោះស្រាយបញ្ហា (Algorithm) និងបញ្ញាសិប្បនិម្មិត AI (Artificial Intelligence) ដើម្បីឱ្យកាន់ការ ងារលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ហើយ ក្រោយបញ្ចប់ការបណ្តុះបណ្តាល ក្រុមការងារបច្ចេកទេសនេះមានសមត្ថភាពអាចធ្វើការបានកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការឆ្លើយតបនឹងទំហំការងារកាន់តែធំ ជាពិសេសអាចដោះ ស្រាយបញ្ហាប្រឈមនានាបានកាន់តែប្រសើរឡើងថែមទៀត ៕


ប្រភព៖ ក្រសួងព័ត៌មាន


