យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា វិស័យកសិកម្មថៃ អាចទាញយកអត្ថប្រយោជន៍ពីផ្លូវដែក ឡាវ-ចិន ថ្មី ដែលនឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី 2 ខែធ្នូ នេះតទៅ។ ក្រសួងកសិកម្ម និងសហប្រតិបត្តិការរបស់ប្រទេសថៃបាននិយាយថា ផ្លូវរថភ្លើងថ្មី ឡាវ-ចិន នេះ អាចនឹងបម្រើជាបណ្តាញដឹកជញ្ជូនដ៏ល្អសម្រាប់ឧស្សាហកម្មកសិកម្ម ហើយធុរកិច្ចថៃគួរតែអាចទាញយកអត្ថប្រយោជន៍ពីផ្លូវរថភ្លើងនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដែលជាកាសែតឌីជីថលប្រចាំថ្ងៃជាភាសាអង់គ្លេសរបស់ប្រទេសថៃ ផ្លូវរថភ្លើងដំបូងនឹងផ្តល់សេវាកម្មដឹកជញ្ជូនដល់ក្រុមហ៊ុនចិនដែលមានមូលដ្ឋាននៅប្រទេសឡាវតែប៉ុណ្ណោះ ការដឹកជញ្ជូនទំនិញរួមមាន៖ កៅស៊ូ ដំឡូងមីស្ងួត អំបិលឧស្សាហកម្ម រ៉ែ និងទំនិញផ្សេងៗទៀត។
អ្នកនាំពាក្យក្រសួងលោក Chantanon Wannakhajorn បាននិយាយថា ធុរកិច្ចថៃគួរតែអាចទាញយកអត្ថប្រយោជន៍ពីផ្លូវរថភ្លើងដោយធ្វើដំណើរឆ្លងកាត់ស្ពានមិត្តភាព ថៃ-ឡាវ ដើម្បីផ្ទុកទំនិញនៅចំណតទំនិញភាគខាងត្បូងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លោកបន្តថា ការប្រើផ្លូវរថភ្លើងអាចកាត់បន្ថយរយៈពេលធ្វើដំណើរពី ២ថ្ងៃតាមផ្លូវថ្នល់ មកត្រឹម១០ទៅ១៥ម៉ោង។
គួរឱ្យដឹងថា ប្រទេសចិន និងឡាវ បានកំណត់គោលដៅដឹកជញ្ជូនទំនិញចំនួន ៨លានតោនក្នុងមួយឆ្នាំ តាមរយៈផ្លូវដែកនៅឆ្នាំ២០២៥ ហើយនឹងកើនឡើងដល់ ១៥លានតោនក្នុងមួយឆ្នាំនៅឆ្នាំ២០៣០៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


