រយៈពេល ១១ខែ នៃឆ្នាំ២០២១ កម្ពុជានាំចេញកសិផលទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេសក្នុងតម្លៃជាង ៤ពាន់លានដុល្លារអាមេរិក
សេដ្ឋកិច្ច December 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក។

ក្នុងនោះ ការនាំចេញអង្ករមានចំនួន ៤៥៤ ៤៨០ ៨៦៦ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន ៥៤៦ ៥៦៧ ៣៥០ដុល្លារអាមេរិក ហើយការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៩៩០ ៩២៧ ១៣៥ ដុល្លារអាមេរិក។

ជាមួយគ្នានោះ បើយោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧ ១៣១ ៩១៥,០៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស មានការកើនឡើងចំនួន ៣ ៤៤៤ ២៨៨,១៨ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន៕

អត្ថបទ៖ លីនី