អភិបាលខេត្តព្រះសីហនុ ចង់បានក្រុមហ៊ុនវិនិយោគដឹកអ្នកទេសចរតាមផ្លូវទឹកប្រើបច្ចេកវិទ្យាទំនើប
សេដ្ឋកិច្ច November 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អភិបាលខេត្តព្រះសីហនុចង់បានក្រុមហ៊ុនវិនិយោគលើការងារដឹកជញ្ជូនភ្ញៀវទេសចរនៅតាមឆ្នេរសមុទ្រ មានបំពាក់ GPS និងមានការគ្រប់គ្រងបញ្ជីឈ្មោះភ្ញៀវទេសចរបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការកំណត់ទីតាំងជួយសង្រ្គោះពេលមានហានិភ័យកើតឡើង។ នេះជាការថ្លែងរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១នៅសាលាខេត្តព្រះសីហនុ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៣០រូប ពី១៦ ស្ថាប័នមកពីរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន។

ឯកឧត្តម គួច ចំរើន បានថ្លែងថា ការប្រកាសរកក្រុមហ៊ុនដឹកជញ្ជូនមានសមត្ថភាពប្រើបច្ចេកវិទ្យាខ្ពស់នេះដើម្បីបង្កើនសុវត្ថិភាពឱ្យល្អប្រសើរដល់ភ្ញៀវទេសចរមកលេងនៅតំបន់ឆ្នេរ។ ឯកឧត្តម អភិបាលខេត្តបានថ្លែងថា«ខ្ញុំចង់បានក្រុមហ៊ុនវិនិយោគលើការងារដឹកជញ្ជូនភ្ញៀវទេសចរនៅតាមឆ្នេរ មានការគ្រប់គ្រងពិសេសលើការចុះបញ្ជីភ្ញៀវទេសចរ រួមទាំងការចាប់ប្រព័ន្ធ GPS នៅលើមធ្យោបាយដឹកជញ្ជូន»។

ការណ៍ដែល ឯកឧត្តម អភិបាលខេត្ត ចង់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ម្យ៉ាងដោយសារកន្លងពេលមានករណីគ្រោះថ្នាក់កើតឡើង ពិបាកក្នុងការកំណត់ទីតាំងទៅជួយសង្គ្រោះនិងមិនមានតួលេខច្បាស់លាស់ដឹងភ្លាមៗដូច ករណីធ្លាក់យន្តហោះដែលគេអាចដឹងទិន្នន័យឆាប់រហ័សដូចជា ចំនួនអ្នកដំណើរក្នុងយន្តហោះដែលបានធ្លាក់ជាដើម។ លើសពីនេះទៅទៀត នៅពេលទូកទេសចរណ៍មានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបអាចជួយសម្រួលការងារជួយសង្រ្គោះបានលឿន ប្រើប្រាស់កម្លាំងសមត្ថកិច្ចសមាមាត្រទៅនឹងករណីគ្រោះថ្នាក់កើតឡើង និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរបន្ថែមទៀត។បើតាម ឯកឧត្តម អភិបាលខេត្ត កន្លងមកសូម្បីមានការបាត់ខ្លួនមនុស្សតែមួយករណីក៏តម្រូវឱ្យខេត្តប្រើគ្រប់មធ្យោបាយទូទាំងខេត្ត រហូតមានការស្នើសុំឱ្យជួយអន្តរាគមន៍ដល់ថ្នាក់ជាតិទៀត ដែលជាការប្រើប្រាស់កងកម្លាំងច្រើនសន្ធឹកសន្ធាប់ដោយសារតែខ្វះមធ្យោបាយគ្រប់គ្រងបែបបច្ចេកវិទ្យាទំនើប៕

(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន