ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ ព្រមានថា ទេសចរបរទេសនឹងរំលងប្រទេសថៃ ប្រសិនបើពួកគេត្រូវតម្រូវឱ្យធ្វើរឿងមួយនេះ
ទេសចរណ៍ November 27, 2021 Khmernote

សមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) កំពុងអំពាវនាវឱ្យរដ្ឋាភិបាលទម្លាក់ផែនការរបស់ខ្លួនក្នុងការកំណត់ថ្លៃថ្មី លើជនបរទេសដែលចូលមកក្នុងប្រទេសថៃ យ៉ាងហោចណាស់រហូតដល់ឧស្សាហកម្មទេសចរណ៍ងើបឡើងវិញទាំងស្រុង។ រំលឹកឡើងវិញ កាលពីថ្ងៃទី២ ខែតុលា កន្លងទៅ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍សេដ្ឋកិច្ចបានអនុម័តសំណើរបស់ក្រសួងទេសចរណ៍ និងកីឡា ដើម្បីគិតថ្លៃចូលទស្សនាលើទេសចរបរទេសម្នាក់ ៥០០បាត (ប្រមាណជាង ១៤ដុល្លារ) ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ។

ពាក់ព័ន្ធទៅនឹងផែនការនេះ ប្រធាន (ATTA) លោក Sisdivachr Cheewarattanaporn បាននិយាយកាលពីថ្ងៃសុក្រថា៖ “ការប្រមូលថ្លៃបន្ថែមនឹងបង្កើនថវិកាធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ ដែលអាចបង្ខំឱ្យពួកគេរំលងការមកទស្សានា និងកម្សាន្តនៅប្រទេសថៃ ខណៈឧស្សាហកម្មទេសចរណ៍នៅតែងើបឡើងវិញពីផលប៉ះពាល់នៃការបិទដោយសារជំងឺកូវីដ-១៩ ហើយយើងត្រូវទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានច្រើនតាមដែលអាចធ្វើទៅបានបន្ទាប់ពីប្រទេសនេះបានបើកដំណើរការឡើងវិញទាំងស្រុង”។

លើសពីនេះលោក Sisdivachr បានបន្ថែមថា ប្រទេសជាច្រើនទៀតក៏កំពុងបង្កើនផែនការស្តារឡើងវិញរបស់ពួកគេផងដែរ ដោយបន្ធូរបន្ថយការរឹតបន្តឹងការចូលសម្រាប់អ្នកធ្វើដំណើរចូល។ ជាមួយនឹងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងទីផ្សារទេសចរណ៍អន្តរជាតិ វាមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ប្រទេសថៃក្នុងការកំណត់ថ្លៃបន្ថែមលើភ្ញៀវទេសចរនោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand