ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣ នៅចុងឆ្នាំ២០២១ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឡើងវិញ
ទេសចរណ៍ November 27, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសឡើងវិញ ដើម្បីទទួលយកភ្ញៀវទេសចរបរទេស ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ កាលពីពេលថ្មីៗនេះ សម្រាប់ខេត្តសៀមរាប នៅចុងឆ្នាំ២០២១នេះ ក៏បានត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន ៣ ដើម្បីជំរុញទេសចរផ្ទៃក្នុង ហើយក៏ជាសញ្ញាបង្ហាញផងដែរថា ខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជាមួយនេះ បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថាព្រឹត្តិការណ៍ចំនួន៣ ដែលខេត្តសៀមរាប នឹងរៀបចំនៅក្នុងខែធ្នូខាងមុខនេះ រួមមាន ព្រឹត្តិការណ៍អបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន, ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលសៀមរាបថ្មី២០២១ និងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៦។

លោកប្រធានមន្ទីរ បន្ថែមថា តាមការណែនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្តដល់បណ្ដាមន្ទីរ អង្គភាព និងក្រុមហ៊ុនឯកជន ចូលរួមបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ។ បន្ថែមពីលើ ការរៀបចំព្រឹត្តិការណ៍ក្នុងប្រទេស លោកបានបញ្ជាក់ផងដែរថា ភ្នាក់ងារទេសចរណ៍ជិត៣០០ក្រុមហ៊ុន ក្នុងខេត្តសៀមរាប បាននឹងកំពុងទាក់ទងជាមួយដៃគូរបស់ពួកគេនៅបរទេស ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទេសចរណ៍ ក៏ដូចជាសិក្សាពីព័ត៌មានលម្អិតផ្សេងៗជុំវិញវិធានសុខាភិបាលចំពោះភ្ញៀវអន្តរជាតិ ដែលទទួលបានវ៉ាក់សាំងពេញលេញ។ ប៉ុន្តែ ការរៀបចំដំណើរទស្សនកិច្ចសម្រាប់ភ្ញៀវអន្តរជាតិមកកម្ពុជា ត្រូវការកិច្ចសហការទៅវិញទៅមកទាំងក្នុង និងក្រៅប្រទេស ព្រមទាំងត្រូវការពេលវេលាច្រើន។

ទោះបីការរង់ចាំភ្ញៀវទេសចរពីក្រៅប្រទេសនៅមានឧបស័គ្គខ្លះៗ ប៉ុន្តែលោកប្រធានមន្ទីរទេសចរណ៍ខេត្ត នៅតែបង្ហាញគំនិតវិជ្ជមានថា ទេសចរផ្ទៃក្នុង គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ចលនាទេសចរណ៍ក្នុងស្រុក ឱ្យមានសកម្មភាពឡើងវិញ។ ក្នុងនោះ ជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ២០ម៉ឺននាក់ ក៏នឹងរួមចំណែកជួយជំរុញទេសចរណ៍ក្នុងស្រុកផងដែរ។ ជាក់ស្ដែង នៅក្នុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ១៤ម៉ឺននាក់ ដែលជួយឱ្យសេវាកម្មទេសចរណ៍មួយចំនួន ក្នុងខេត្ត បានបើកដំណើរការឡើងវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន