ប្រទេសកូនកោះនៅអាស៊ី អនុញ្ញាតឱ្យអ្នកដំណើរមកពីប្រទេសចំនួន ៦ ចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កក្នុងនោះក៏មានកម្ពុជាដែរ
ទេសចរណ៍ November 26, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានប្រកាសនៅថ្ងៃសុក្រ (២៦ វិច្ឆិកា) នេះថា ប្រទេសសិង្ហបុរីនឹងពង្រីកផ្លូវធ្វើដំណើរនៃអ្នកចាក់វ៉ាក់សាំងរួច (VTLs) ទៅកាន់ប្រទេសចំនួន ៦ បន្ថែមទៀតនៅខែក្រោយ។

សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី ១៤ ខែធ្នូ អ្នកដំណើរមកពីប្រទេសថៃអាចចូលប្រទេសសិង្ហបុរីក្រោមគម្រោង ផ្លូវធ្វើដំណើរនៃអ្នកចាក់វ៉ាក់សាំងរួច (VTL) ដែលមិចាំបាច់ធ្វើចត្តាឡីស័ក។ ជាមួយគ្នានោះ ចាប់ពីថ្ងៃទី១៦ ខែធ្នូ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ហ្វីជី ម៉ាល់ឌីវ ស្រីលង្កា និងទួរគី អាចចូលកមកាន់ប្រទេសកូនកោះមួយនេះបានហើយក្រោមគម្រោងខាងលើ និងមិនតម្រូវឱ្យធ្វើចត្តាឡីស័កដូចទៅនឹងប្រទេសថៃដែរ។

គួរបញ្ជាក់ផងដែរថា នៅក្រោមគម្រោង ផ្លូវធ្វើដំណើរនៃអ្នកចាក់វ៉ាក់សាំងរួច (VTL) អ្នកធ្វើដំណើរដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញនៅលើជើងហោះហើរ (VTL) ដែលបានកំណត់ អាចចូលប្រទេសសិង្ហបុរីដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ដោយពួកគេគ្រាន់តែតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តរកវីរុស កូវីដ-១៩ តែប៉ុណ្ណោះ៕

អត្ថបទ៖ លីនី
ប្រភព៖channelnewsasia