រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាឱ្យក្រុមការងារបច្ចេកទេសជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ ពន្លឿនការងារឱ្យបានលឿនបំផុត និងមានគុណភាពរឹងមាំ
សេដ្ឋកិច្ច November 25, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមការងារបច្ចេកទេស ជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ ពន្លឿនការស្ថាបនាឱ្យបានលឿនបំផុតនិងមានគុណភាពរឹងមាំ ដើម្បីជួយសម្រួលការដឹកជញ្ចូន ឆ្លងកាត់ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។

កំណាត់ផ្លូវជាតិលេខ២១បេ មានប្រវែងប្រមាណ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុម ការងារបច្ចេកទេសក្រសួងចុះពិនិត្យមើល ស្ថានភាព ដើម្បីរៀបចំជួសជុលស្តារឱ្យប្រសើរឡើង។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធភាពនៃការជួសជុលស្តារឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយប្រើ គ្រឿងចក្រStabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ ផលប៉ះពាល់បរិស្ថាននិងអាចជួយឱ្យផ្លូវកាន់តែ មានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់បងប្អូន ប្រជាពលរដ្ឋ បានរហ័សទាន់ពេលវេលា។

ថ្លែងក្នុងដំណើរចុះពិនិត្យផ្លូវនេះ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេសក្រោមឱវាទ អនុវត្ត ការងារជួសជុលផ្លូវនេះត្រូវពន្លឿនការជួសជុលឱ្យបានលឿនបំផុត និងមានគុណភាពរឹងមាំ កុំឱ្យគេថាធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ធ្វើយ៉ាងណាបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលសាងសង់ មិនបង្កការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវអនុវត្តការសាងសង់ នៅចន្លោះម៉ោងណាដែលមានចរាចរណ៍តិច ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងយកចិត្តទុកដាក់ ពន្លឿនការងារសាងសង់ឱ្យបានឆាប់រហ័សផងដែរ។

សូមបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ២១បេ នេះ មានប្រវែងសរុបជាង ១២គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២ រហូតដល់ចំណុចចុងបញ្ចប់ឋិតនៅផ្លូវបំបែកផ្លូវជាតិលេខ១ ដោយឆ្លងកាត់ស្ពានព្រែកសំរោង៕

ប្រភព៖ ក្រសួងព័ត៌មាន