យុវជនថៃ ទាំងប្រុស និងស្រី កំពុងជួបវិបត្តិអត់ការងារធ្វើ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩
សេដ្ឋកិច្ច November 25, 2021 Khmernote

យោងតាមអង្គការ ពលកម្មអន្តរជាតិ (ILO) បានឱ្យដឹងថា ភាពអត់ការងារធ្វើក្នុងចំណោមយុវជន និងយុវនារីក្នុងប្រទេសថៃបានឈានដល់កម្រិតខ្ពស់មួយដែលមិនធ្លាប់កើតមានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពទីផ្សារការងាររបស់ប្រទេសថៃដែលបានចេញផ្សាយនៅសប្តាហ៍នេះថា ការងាររបស់យុវជនបានធ្លាក់ចុះ ៧% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១ ពីត្រីមាសទី៤ នៃឆ្នាំ២០១៩ ហើយអត្រាអត់ការងារធ្វើរបស់យុវជនបានកើនឡើង ៣% ទាំងបុរស និងស្រ្តី។

ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ ការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាត ប៉ះពាល់ដល់ការងារនៅក្នុងគ្រឹះស្ថានតូចៗដែលមានបុគ្គលិកតិចជាង ៥០នាក់។ ហើយការងាររបស់យុវជននៅក្នុងគ្រឹះស្ថានទាំងនេះបានរងទុក្ខច្រើនបំផុត ដោយធ្លាក់ចុះ ១៨% សម្រាប់យុវជន និង ២៤% សម្រាប់យុវនារី។

លោក Graeme Buckley នាយកអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បាននិយាយថា៖ «ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើសេដ្ឋកិច្ចថៃបានធ្វើឱ្យមនុស្សវ័យក្មេង និងគ្រឹះស្ថានតូចតាចជួបការលំបាក»។ មិនតែប៉ុណ្ណោះ របាយការណ៍របស់អង្គការ (ILO) បាននិយាយថា៖ «ប្រសិនបើវិបត្តិសេដ្ឋកិច្ចសង្គមត្រូវបានអូសបន្លាយកាន់តែយូរ ភាពមិនស៊ីសង្វាក់ឆ្លងវិស័យដែលមានស្រាប់នៅក្នុងទីផ្សារការងារ អាចកាន់តែអាក្រក់ទៅៗ »។

គួរបញ្ជាក់ផងដែរថា វិបត្តិកូវីដកើតឡើងលើបញ្ហាប្រឈមសេដ្ឋកិច្ច និងការងាររយៈពេលវែងក្នុងប្រទេសថៃ ហើយអាចនឹងផ្លាស់ប្តូរការវិវឌ្ឍនាពេលថ្មីៗនេះ នេះបើយោងតាម ​​ILO ។ ជាក់ស្ដែងនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២១ វិស័យដែលរងគ្រោះខ្លាំងជាងគេ គឺការស្នាក់នៅ និងសេវាកម្មម្ហូបអាហារ (៦១%) ការដឹកជញ្ជូន និងការផ្ទុក (៧៤%) និងពាណិជ្ជកម្មលក់ដុំ និងរាយ (៩៥%) ខណៈវិស័យទាំងបីនេះមាន ៣០% នៃផលិតផលក្នុងស្រុកសរុបមិនមែនកសិកម្មក្នុងឆ្នាំ២០១៩៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost