ចិន សន្យាជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយផ្ដល់ជំនួយអភិវឌ្ឍន៍ចំនួន ១.៥ ពាន់លានដុល្លារបន្ថែមទៀត
សេដ្ឋកិច្ច November 24, 2021 Khmernote

ប្រធានាធិបតីចិន លោក Xi Jinping បានសន្យាបន្តគាំទ្រសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេស ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន នៅថ្ងៃទី២២ ខែវិច្ឆិកា។

នៅក្នុងសុន្ទរកថា មេដឹកនាំចិនបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ដល់អាស៊ានចំនួន ១.៥ ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេលបីឆ្នាំខាងមុខ។ ហើយថ្មីៗនេះប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដើម្បីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈម ជំរុញការស្តារសេដ្ឋកិច្ចពិភពលោក និងពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ ប្រទេសចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​រួម​គ្នា​បង្កើត “ខែល​សុខភាព” សម្រាប់​តំបន់។ ក្រោមគំនិតផ្តួចផ្តើមនេះ ប្រទេសចិនមានឆន្ទៈក្នុងការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ១៩បន្ថែមចំនួន ១៥០លានដូស ដល់បណ្តាប្រទេសអាស៊ាន ដើម្បីគាំទ្រដល់អត្រាការចាក់វ៉ាក់សាំងកាន់តែខ្ពស់នៅក្នុងប្រទេសក្នុងតំបន់។

ជាមួយគ្នានេះ លោក Xi បាននិយាយថា ប្រទេសចិននឹងផ្តល់ប្រាក់បន្ថែមចំនួន ៥លានដុល្លារ សម្រាប់មូលនិធិឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់អាស៊ាន បង្កើនការផលិតវ៉ាក់សាំង និងការផ្ទេរបច្ចេកវិទ្យារួមគ្នា និងសហការលើការស្រាវជ្រាវ និងអភិវឌ្ឍឱសថសំខាន់ៗ ដើម្បីជួយអាស៊ានបង្កើនការពឹងផ្អែកលើខ្លួនឯង៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus