សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យវៀតណាមជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងវៀតណាមឡើងវិញ
ទេសចរណ៍ November 24, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីមានកម្ពុជា បានស្នើឲ្យវៀតណាមជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងវៀតណាមឡើងវិញ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានទទួលជួបពិភាក្សាការងារជា មួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ។

ឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបឱ្យដឹងថា ក្នុងជំនួបនោះឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានក្តីរីករាយជាទីបំផុតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណា ចក្រកម្ពុជា។ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាមនាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាមក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូច ជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។

ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយគ្នានោះដែរ ឯកឧត្តមក៏សូមសំដែងនូវការកោតសរ សើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងធំធេង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា បានសន្យាចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោ បាយ ការទូត សន្តិសុខការពារជាតិ វិស័យពាណិ ជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃ ទៀតផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ដែលបានពាំនាំពាក្យផ្ញើផ្ដាំសួរសុខទុក្ខ ពីថ្នាក់ដឹកនាំវៀតណាម បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជានាពេល នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រ សាសន៍ថា ពាណិជ្ជកម្មកម្ពុជានិងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងន័យនេះ សម្ដេចតេជោបានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល។

ជាចុងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចក៏បានស្នើឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតវៀត ណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះ ហើរត្រង់រវាងកម្ពុជានិងវៀតណាមឡើងវិញ និងបានជូនពរឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឲ្យទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មកាទូតនៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន