អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីអញ្ជើញសហគ្រាសដែលមិនទាន់បានទូទាត់បំណុលពន្ធ មកទូទាត់។ សហគ្រាសទាំងឡាយណាដែលដឹងថា មិនទាន់បានទូទាត់បំណុលពន្ធ ត្រូវមកទូទាត់យ៉ាងយូរត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២១ នេះ ជាកំហិត នៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានទីតាំងនៅកែងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បន្ទប់លេខ ២០៤ ឬទំនាក់ទំនងលេខទូរស័ព្ទលេខ ០២៣ ៨៨៤ ៨០០។
ជាមួយគ្នានេះដែរ ក្នុងករណីដែលសហគ្រាសខកខានមិនបានមកទូទាត់បំណុលពន្ធ នោះអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការចុះផ្សាយនូវឈ្មោះសហគ្រាស និងកម្មសិទ្ធិករលើទំព័រសារព័ត៌មាន ព្រមទាំងអនុវត្តវិធានការតឹងទារបំណុលពន្ធអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ។
គួរបញ្ជាក់ផងដែរថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា សហគ្រាសភាគច្រើនបានចូលខ្លួនមកទូទាត់បំណុលពន្ធប្រកបដោយស្មារតីទទួលខុសត្រូវ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀត មិនបានចូលខ្លួនមកទូទាត់បំណុលពន្ធរបស់ខ្លួននៅឡើយទេ បើទោះបីជាអគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញសហគ្រាសទាំងនោះជាច្រើនលើកជាច្រើនសារដើម្បីជាការដាស់តឿន ក្រើនរំលឹកឱ្យមកទូទាត់បំណុលពន្ធក៏ដោយក្ដី។
ក្នុងករណី ម្ចាស់សហគ្រាសនៅតែបន្តខកខានមិនបានមកទូទាត់បំណុលពន្ធទៀតនោះ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការចុះផ្សព្វផ្សាយនូវឈ្មោះសហគ្រាសនិងកម្មសិទ្ធិអាករលើទំព័រសារព័ត៌មាន ព្រមទាំងបន្តអនុវត្តវិធានការតឹងទារបំណុលពន្ធអនុលោមតាមច្បាប់ និងបទបញ្ញាត្តិស្តីពីពន្ធដារ ដូចខាងក្រោមនេះ ៖
+ បញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូលដោយស្មើកិច្ចសហការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
+ បញ្ឈប់ឬផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្នចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ
+ ឃាត់ទុកគណនីធនាគាររបស់ក្រុមហ៊ុន និងម្ចាស់ភាគហ៊ុនដោយស្នើកិច្ចសហការពីធនាគារជាតិនៃកម្ពុជា
+ ឃាត់ទុកការផ្ទេរកម្មសិទ្ធិអចលនទ្រព្យនិងចលនទ្រព្យចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ
+ ឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មីនិងផ្ទេរភាគហ៊ុនដោយស្នើកិច្ចសហការពីក្រសួងពាណិជ្ជកម្ម
+ ទុកជាមោឃៈនូវលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណផ្សេងៗដោយស្នើកិច្ចសហការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
+ នាំខ្លួនអ្នកជាប់ពន្ធឱ្យមកទូទាត់បំណុលពន្ធដោយស្នើកិច្ចសហការជាមួយអគ្គស្នងការនគរបាលជាតិ
+ ឃុំគ្រង និងរឹបអូសលើទ្រព្យសម្បត្តិរបស់អ្នកជាប់ពន្ធដែលជំពាក់បំណុលពន្ធ
+ ដំណើរការនីតិវិធីទៅស្ថាប័នតុលាការចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធ។

អត្ថបទ៖ លីនី


