យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន មានជំនឿចិត្តថា ការបើកប្រទេសឡើងវិញនាពេលនេះ គឺមិនដើរថយក្រោយវិញនោះ ឡើយ ខណៈដែលប្រជាពលរដ្ឋបានអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន រួមជាមួយនឹងការចាក់វ៉ាក់សាំងមានល្បឿនលឿនជាង ការរំពឹងទុក រហូតដល់ជាង១៤លាននាក់ហើយ ក្នុងចំណោមប្រជាជន១៦លាននាក់។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហា សេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាន៍ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាឱកាសដើម្បីរុញទេសចរផ្ទៃក្នុង ហើយពិតប្រាកដមែន ៣ថ្ងៃនៃបុណ្យអុំទូក បូកនឹងមួយថ្ងៃអាទិត្យ មានភ្ញៀវទេសចរដើរលេងកម្សាន្តជាង១លាន១សែននាក់ បានដើរលេងក្នុងផ្ទៃប្រទេស ធ្វើឱ្យចរន្ដសេដ្ឋកិច្ចជនបទងើបឡើង ចរន្ដសេដ្ឋកិច្ចនៅទីក្រុងក៏ងើបឡើងវិញ។
សម្ដេចតេជោបានបង្ហាញ មោទនភាពចំពោះប្រជាជនកម្ពុជា ទោះគេបំផុសថា ចាក់វ៉ាក់សាំង កូវីដទៅស្លាប់ក៏ដោយ ប៉ុន្តែពលរដ្ឋនៅតែទៅចាក់ស្ទើរគ្រប់គ្នា។ សម្តេចតេជោក៏បានសម្តែងក្តីរីករាយជាអនេកដែលពលរដ្ឋខ្មែរ បាននិងកំពុងអនុវត្តនូវវិធានការ ៣កុំ ៣ការពារបានយ៉ាងល្អ និងសស្រាក់សស្រាំចូលរួមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រហូតធ្វើឱ្យ អត្រានៃការឆ្លងប្រចាំថ្ងៃ នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ។ សម្តេចតេជោជឿជាក់ថា ការសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យនៅកម្ពុជានាពេលនេះ គឺនឹងបន្តបើកដោយមិនថយក្រោយ នោះទេ ខណៈនៅបណ្តាប្រទេសអឺរ៉ុប កំពុងជ្រួលច្របល់ពេញប្រទេសដោយធ្វើបាតុកម្ម ព្រោះប្រទេសខ្លះនៅអឺរ៉ុប គ្រោងនឹងបិទប្រទេស ឡើងវិញ នាំឱ្យអ្នកដែលចាក់វ៉ាក់សាំងរួចក៏មិនសប្បាយចិត្ត និងអ្នកមិនព្រមចាក់វ៉ាក់សាំងក៏ធ្វើបាតុកម្មប្រឆាំងផងដែរ។
«ស្ថានភាពវាមិនដូចមុនទេព្រោះកាលមុនអត់ទាន់មានវ៉ាក់សាំងនៅក្នុងខ្លួន គឺអត់មានអ្វីការពារខ្លួននោះទេ ហើយនៅពេលឆ្លង មនុស្សនៅក្នុងផ្សារ៤ឬ៥តូបបិទផ្សារទាំងមូល រោងចក្រឆ្លងកម្មករ១០នាក់បិទរោងចក្រទាំងមូល សាលារៀនឆ្លងត្រូវបិទសាលា ទូទាំង ប្រទេស។ ឥឡូវនេះអត់ទេ ខ្ញុំបានណែនាំហើយ សាលារៀនបើលោកគ្រូនិងកូនសិស្សឆ្លងយកទៅព្យាបាល ហើយបាញ់ថ្នាំសម្លាប់មេរោគទៅរួចហើយ អ្នកដែលមិនកើតត្រូវតែបន្តការប្រឡងឌីប្លូម។ ហើយឯកឧត្តម ហង់ ជួន ណារ៉ុន បានរាយការណ៍ ហើយ មានតែគ្រូពីរនាក់និងកូនសិស្សប្រហែលជាប៉ុន្មាននាក់ទេដែលបានឆ្លង ក្រៅពីនោះគឺអត់មានអីទេ អ៊ីចឹងបន្តទៅមុខទៀត គ្រាន់តែខ្ញុំ សំណូមពរថា មត្តេយ្យសាលា កុំអាលដើរលឿនពេកតែប៉ុណ្ណោះ ក៏ប៉ុន្តែខ្ញុំខ្លាចក្រែងក្មេង៤ឆ្នាំនិង៣ឆ្នាំដែលមិនទាន់បានចាក់វ៉ាក់សាំង។ តែបើបើកមាន៥ឆ្នាំគឺមិនមានបញ្ហានោះទេ ព្រោះយើងបានចាក់វ៉ាក់សាំងឱ្យក្មេងរួចហើយ។ ហើយផ្សារដែលមានមនុស្សឆ្លងតូបមួយ យកតែអ្នកឆ្លងហ្នឹងទៅព្យាបាលនៅផ្ទះឬព្យាបាលនៅពេទ្យ រួចហើយបាញ់ថ្នាំសម្លាប់មេរោគទៅ ដោយមិនចាំបាច់បិទផ្សារដូចមុនទេ។ អ្វីដែលនៅរង់ចាំគឺខារ៉ាអូខេ ឌីស្កូតេក និងក្លឹបកម្សាន្ត ដោយឥឡូវនាងនាង និងបុរសបុរស ដែលចង់ទៅខារ៉ាអូខេ សូមរង់ចាំក្រោយថ្ងៃ៣០។ អ៊ីចឹងចូលខែធ្នូ គឺរៀបចំទៅ នៅសល់តែប៉ុន្មានថ្ងៃទៀតចូលដល់ហើយ ដូចនេះយើងបើកជាបន្តបន្ទាប់ទៀត។ ហើយចរន្តសេដ្ឋកិច្ចនឹងវិលនឹងមានកំណើនឡើងវិញ ស្ថានភាពបែបនេះខ្ញុំព្យាករថា កំណើនសេដ្ឋកិច្ចចុងឆ្នាំនេះ នឹងអាចលើស ពីផែនការ »៕



ប្រភព៖ ក្រសួងព័ត៌មាន


