“ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” ស្ពានភ្ជាប់និស្ស័យតម្លៃ ៥៦លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃនេះហើយ
សេដ្ឋកិច្ច November 23, 2021 Khmernote

យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” ត្រូវបានប្រសិទ្ធនាមឈ្មោះមួយទៀតដែលមានឈ្មោះថា “ស្ពានភ្ជាប់និស្ស័យ” ដោយ​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ត្រូវ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។ ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង អាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី