យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The nation thailand បានឱ្យដឹងថា តម្លៃអគ្គិសនីនៅក្នុងប្រទេសថៃនឹងឡើងថ្លៃនៅឆ្នាំក្រោយ។ គណៈកម្មការនិយតកម្មថាមពល (ERC) កាលពីថ្ងៃសុក្របានសម្រេចចិត្តដំឡើងអត្រាពន្ធអគ្គិសនី ០.១៣៩ បាតក្នុងមួយឯកតា នៅចន្លោះខែមករាដល់ខែមេសាឆ្នាំក្រោយ ដែលនេះនឹងធ្វើឱ្យមានតម្លៃភ្លើងថ្លៃជាង ៤.៦៣% ដែលនឹងស្មើនឹង ៣.៧៨ បាតសម្រាប់ឯកតានីមួយៗជាមធ្យម។
លេខាធិការ ERC លោក Komkrit Tantrawanich បាននិយាយថា តម្លៃអគ្គិសនីឡើងថ្លៃ គឺដោយសារតែការធ្លាក់ចុះនៃប្រាក់បាត ទើបតម្រូវឱ្យពន្ធគយត្រូវតែកើនឡើង ការធ្លាក់ចុះនៃការផ្គត់ផ្គង់ថាមពលវារីអគ្គិសនីពីខាងក្រៅប្រទេសថៃ និងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
លើសពីនេះ លោកថា តម្លៃឧស្ម័នធម្មជាតិកំពុងឡើងថ្លៃស្របនឹងការឡើងថ្លៃប្រេងឆៅ ហើយប្រទេសថៃក៏ត្រូវនាំចូលឧស្ម័នធម្មជាតិ (LNG) ដើម្បីជួយសម្រួលដល់ការធ្លាក់ចុះនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនៅក្នុងឈូងសមុទ្រថៃផងដែរ។ លោកបានបន្តថា គណៈកម្មការនិយតកម្មថាមពល (ERC) បានគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល និងរក្សាវិក័យប័ត្រថាមពលទាបក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ប៉ុន្តែ ឥឡូវនេះវិបត្តិ Covid-19 កំពុងធូរស្រាល ហើយសេដ្ឋកិច្ចជាច្រើនកំពុងចាប់ផ្តើមងើបឡើងវិញ តម្រូវការថាមពលកំពុងកើនឡើង ហើយការកើនឡើងនៃតម្រូវការនេះបានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នធម្មជាតិកើនឡើង៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


