យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេសចិន ពិនិត្យលទ្ធភាពដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដោយសម្ដេចបានប្រគល់ការងារនេះ ឱ្យក្រសួងសុខាភិបាលបន្តពិភាក្សាជាមួយនឹងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏ដូចជាបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើកិច្ចការងារនេះបន្តទៀត។
ក្នុងពិធីអបអរសាទរការផ្ដល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជុំទីមួយរបស់កម្ពុជា និងការផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២លានដូសបន្ថែមទៀត របស់រដ្ឋាភិបាលនៃសាធាណរដ្ឋប្រជាមានិតចិន ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ សម្ដេចបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន Li Keqiang ដោយបានលើកឡើងប្រធានបទជាច្រើនមកពិភាក្សា។ នៅក្នុងជំនួបនោះសម្តេចបានបញ្ជាក់ជូនឯកឧត្ដនាយករដ្ឋមន្ត្រីចិន អំពីបញ្ហាវ៉ាក់សាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថា នេះជាការបញ្ចប់នូវដំណាក់កាលទី១។ ប៉ុន្តែកម្ពុជានៅ ត្រូវការការផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសចិនមកជាបន្តទៀត មិនមែនបញ្ចប់ត្រឹមថ្ងៃនេះទេ ដោយសម្ដេចតេជោបានលើកឡើងថា នេះជាការបញ្ចប់ដំណាក់កាលទី១ តែប៉ុណ្ណោះ។ ឯកឧត្ដមនាយករដ្ឋមន្ត្រីចិន ក៏បានសន្យាពីការផ្គត់ផ្គង់បន្តវ៉ាក់សាំង។
សម្ដេចតេជោបន្តថា នៅមុននេះបន្តិច ខ្ញុំបាននិយាយជាមួយឯកឧត្ដមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា វ៉ាង វិនធៀន ទាក់ទងជាមួយនឹងការផ្គត់ផ្គង់វ៉ាក់សាំង យើងក៏បានដើរដល់គំនិតផ្តួចផ្តើមស្ដីអំពីការផលិតវ៉ាក់សាំងនៅកម្ពុជាតែម្ដង ហើយក្នុងនោះមានប្រទេសមួយចំនួនបានធ្វើរួចទៅហើយ ដែលគេបានផលិតជាវ៉ាក់សាំងនូវផលិតផលសម្រេចចុងក្រោយនៅក្នុងប្រទេសរបស់គេ តាមរយៈការដឹកជញ្ជូនវត្ថុធាតុដើមសម្រេច មកផលិតនៅក្នុងប្រទេស។
សម្ដេចតេជោបានចាត់ទុកថា នេះជារបៀបកិច្ចសហប្រតិបត្តិការក្នុងការផលិតវ៉ាក់សាំង ដែលមានមូលដ្ឋានផលិតវ៉ាក់សាំងនៅកម្ពុជា ហើយដែលផ្ដល់ប្រភពវ៉ាក់សាំងចេញពីប្រទេសចិន ធ្វើយ៉ាងដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញយកវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រ ដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីប្រើប្រាស់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងទៅកាន់ប្រទេសដទៃទៀតតាមរយៈនៃការបញ្ជាទិញពីប្រទេសនៅក្នុងតំបន់។ សម្តេចតេជោសង្ឃឹមថា ឯកឧត្ដមឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន នឹងបញ្ជូននូវសំណើរបស់សម្តេចជូនចំពោះឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្ដមនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀត ដើម្បីបើកឱកាសឱ្យមានការផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រោះយើងមិនបានដឹងថា កូវីដ-១៩ វាត្រូវបញ្ចប់នៅពេលណាទេ ដូច្នេះបើសិនជាយើងអាចបង្កើតបាននូវស្ថានភាពនៃការផលិតវ៉ាក់សាំងដែលជាដំណាក់ការចុងក្រោយ ជាផលិតផលសម្រេចនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងមានឱកាសច្រើនណាស់សម្រាប់ការពារជីវិតរបស់ប្រជាជនកម្ពុជា របស់យើង ដោយយើងមិនចាំបាច់ខ្វល់ខ្វាយទៅរកទីកន្លែងណាផ្សេង ហើយត្រូវការដឹកជញ្ជូននៅក្នុងចម្ងាយដែលឆ្ងាយនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ី ក៏បានធ្វើដែរអ្វីដែលខ្ញុំបាននិយាយ ប្រទេសថៃក៏មានការផលិតវ៉ាក់សាំង អាស្ត្រាហ្សេនីកា នៅក្នុងប្រទេសរបស់ខ្លួន តាមរយៈការដឹកជញ្ជូនយកមក រៀបចំផលិតផលសម្រចចុងក្រោយមកផលិត។ ឯយើងក៏មានលទ្ធភាពដើម្បីនឹងធ្វើការងារ នេះបាន ដោយដឹកវត្ថុធាតុដើមជាស៊ីណូវ៉ាក់ ឬស៊ីណូហ្វាមមកផលិតនិងរៀបចំដំណាក់កាលចុងក្រោយចេញពីកម្ពុជានិងផ្ដល់ឱកាសឱ្យកម្ពុជាមានវ៉ាក់សាំងចាក់សម្រាប់ប្រជាជន ខ្លួនឯងផង ទិញយកពីរោងចក្រ ដើម្បីផ្គត់ផ្គង់ចាក់ដោយខ្លួនឯងផង និងសម្រាប់ចែកចាយ ទៅខាងក្រៅប្រទេសផង។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកឧត្ដម វ៉ាង វិនធៀន ឯក អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងជូនព័ត៌មាននេះបានយ៉ាងឆាប់ទៅកាន់ឯកឧត្តមប្រធានា ធិប តីស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ខឺឈាង និងផ្នែកពាក់ព័ន្ធដទៃទៀត។
សម្ដេចតេជោបានបញ្ជាក់បន្ថែមដែរថា នេះក៏ជាសារនយោបាយមួយជូនចំពោះប្រ ជាជនកម្ពុជាអំពីកិច្ចការដែលរាជរដ្ឋាភិបាល ត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងមិត្តចិនដែលមុននេះជាប្រភពផ្គត់ផ្គង់យុទ្ធសាស្ត្រសម្រាប់ការផ្ដល់វ៉ាក់សាំងមកចំពោះកម្ពុជា តែ ឥឡូវនេះយើងប្រើវិធីសាស្ត្រមួយផ្សេងទៀតដែលមានល្បឿនលឿនជាងមុន ហើយធានាសុវត្ថិភាពជាងមុនមួយកម្រិតទៀត ដើម្បីធានាថាប្រទេសកម្ពុជានឹងមានវ៉ាក់សាំងគ្រប់ គ្រាន់ ដើម្បីនឹងចាក់ជូនប្រជាពលរដ្ឋរបស់យើងនៅពេលដែលមានការចាំបាច់៕



ប្រភព៖ ក្រសួងព័ត៌មាន


