យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំបន្ទាន់ជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីជំរុញឲ្យអង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេស ពន្លឿនគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុង សៀមរាប ខេត្តសៀមរាប ឲ្យបានចប់មុនថ្ងៃទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ។
ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់ ដើម្បីពន្លឿនការអនុវត្តន៍គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឲ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យអង្គភាពសាងសង់ខិតខំប្រឹង ប្រែងពន្លឿនការងារ ដែលនៅសេសសល់ មួយចំនួនរបស់ខ្លួនរួមមាន៖ ការងារអ៊ុតកៅស៊ូ ការងារតបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋ មកប្រព័ន្ធលូមេ ចំនួន១២,២៩៩តំណ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែកកម្រាស់ ១៥សង់ទីម៉ែត្រ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារមួយចំនួនផ្សេងទៀត ដើម្បីឲ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ បញ្ចប់តាមការគ្រោងទុក និងបានស្នើឲ្យក្រុមហ៊ុនផ្តត់ផ្គង់សម្ភារៈដូចជា៖ ថ្ម កៅស៊ូ និងសម្ភារៈចាំបាច់ផ្សេងទៀត ជូនអង្គភាពអនុវត្តគម្រោង ឲ្យបានត្រឹមត្រូវ តាមស្តង់ដារដែលបានកំណត់។
សូមជម្រាបជូនថា យោងតាមស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសៀមរាប ខេត្តសៀមរាប អង្គប្រជុំបានជំរុញឲ្យអង្គភាពសាងសង់ទាំងអស់ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់នេះឲ្យបានត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឲ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីតបស្នងសងគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាថ្ងៃចងចាំមិនអាច បំភ្លេចបាន។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹង ថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិត ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៩,៣៩%នៃទំហំការងារសរុប (២% លឿនជាងផែនការធៀបនឹងរយៈពេលសាងសង់)៕


ប្រភព៖ ក្រសួងព័ត៌មាន


