យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តប្រាក់កម្ចីចំនួន ២០ពាន់លានបាត (ប្រមាណ ៦១០ លានដុល្លារ) ដល់មូលនិធិប្រេងឥន្ធនៈ បន្ទាប់បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួននៅទីក្រុង Krabi កាលពីថ្ងៃអង្គារ។ នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បាននិយាយថា ប្រាក់កម្ចីនេះនឹងជួយមូលនិធិរក្សាតម្លៃប្រេងម៉ាស៊ូតនៅកម្រិត ៣០បាត (០.៩២ ដុល្លារ) ក្នុងមួយលីត្រ។
លោក ប្រាយុធ បានបន្ថែមថា ទោះបីជាយ៉ាងណា ដោយវិនិច្ឆ័យលើតម្លៃប្រេងដែលឡើងខ្ពស់ ប្រាក់កម្ចីគួរតែមានរយៈពេលយ៉ាងតិច ៤ខែ។ ជាមួយគ្នានេះ រដ្ឋាភិបាលអាចផ្តល់ប្រាក់កម្ចីដោយស្របច្បាប់ដល់មូលនិធិប្រេងឥន្ធនៈរហូតដល់ ៣០ពាន់លានបាត ទោះបីជាខ្លួនបានកំណត់ប្រាក់កម្ចីនេះចំនួន ២០ពាន់លានបាតក៏ដោយ។ គួរឱ្យដឹងថា ក្នុងស្ថានភាពធម្មតា មូលនិធិចំណាយប្រហែល ១ពាន់លានបាតជារៀងរាល់ខែ ដើម្បីរក្សាតម្លៃប្រេងម៉ាស៊ូតឱ្យស្ថិតស្ថេរ៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


