ដំណឹងល្អ! មិត្តចិន យល់ស្របជាមួយកម្ពុជា ជំរុញឱ្យមានការពិភាក្សាចរចាគ្នា លើកូតានាំអង្ករនិងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់
សេដ្ឋកិច្ច November 16, 2021 Khmernote

យោងតាមការដកស្រង់ពីការចុះផ្សាយរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ប្រទេសចិនបានយល់ស្របនឹងកម្ពុជា ពិភាក្សាលើកូតានាំអង្ករ និងនាំកសិផលកម្ពុជាចូលទៅក្នុងប្រទេសចិនដោយផ្ទាល់តែម្ដង។

គំនិតនេះត្រូវបានលើកឡើងនៅក្នុងជំនួបសន្ទនាការងាររវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ។

នាឱកាសនោះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ។ ក្នុងក្របខណ្ឌទ្វេភាគី សម្តេចតេជោ និងឯកឧត្តម លី ខឺឈាំង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម បញ្ហាកសិកម្ម និងបញ្ហា ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។ ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាំង បាន ឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ ហើយ ក៏បានឯកភាពគ្នា ដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន នៅខែមករាខាងមុខ។

ដោយឡែកលើវិស័យកសិកម្ម ឯកឧត្តម លី ខឺឈាំង បានយល់ស្របនឹងជំរុញឲ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណា ពិភាក្សា ចរចាគ្នា លើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់តែម្ដង តាមរយៈការបង្កើតយន្តការរួមគ្នាមួយ ពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅកាន់ ប្រទេសចិន គប្បីណាទាក់ទាញធ្វើឲ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង៕

អត្ថបទ៖ លីនី