កូវីដ-១៩ បានវាយលុក និងធ្វើឱ្យប្រទេសសេដ្ឋកិច្ចធំបំផុតទីបីរបស់ពិភពលោកបានធ្លាក់ចុះលើសពីការរំពឹងទុក
សេដ្ឋកិច្ច November 15, 2021 Khmernote

យោងតាមទិន្នន័យដែលបានបង្ហាញនៅថ្ងៃច័ន្ទនេះបាន​ឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដោយសារការកើនឡើងនៃករណីឆ្លង កូវីដ-១៩ បានប៉ះពាល់ដល់ការចំណាយ និងខ្សែសង្វាក់ផ្គត់ផ្គង់ និងបានរារាំងអាជីវកម្ម។

បើតាមប្រភពដដែលបានឱ្យដឹងទៀតថា សេដ្ឋកិច្ចធំបំផុតទីបីរបស់ពិភពលោកបានធ្លាក់ចុះ ០.៨% ពីមួយត្រីមាសទៅមួយត្រីមាស ដែលអាក្រក់ជាងការព្យាករណ៍របស់សេដ្ឋវិទូ ០.២%។ ការធ្លាក់ចុះនេះត្រូវបានជំរុញដោយការធ្លាក់ចុះ ១.២% នៃការប្រើប្រាស់ក្នុងគ្រួសារ ការធ្លាក់ចុះនៃការវិនិយោគមិនមែនលំនៅឋាន ៣.៨% បញ្ហាកង្វះបន្ទះឈីប និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។

លើសពីនេះ ការនាំចេញដែលជាកត្តាសំខាន់មួយទៀតដែលជំរុញសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក៏ធ្លាក់ចុះផងដែរ ដោយការនាំចេញយានយន្តបានជាប់គាំងដោយសារកង្វះខាតសមាសធាតុ semiconductor ហើយការនាំចូលទំនិញ និងសេវាកម្មក៏ធ្លាក់ចុះដែរ។ ជាមួយគ្នានេះ វិស័យទេសចរណ៍ ក៏ដូចជាអាជីវកម្មជាច្រើនក៏ធ្លាក់ចុះដូចគ្នាដោយសារតែការរាតត្បាតឥតថមថយនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost