ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កម្ពុជាត្រូវការថវិកាប្រមាណ ៤៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន ៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងដូច្នេះនៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន អគ្គលេខាធិការ អាស៊ាន សមាជិកUS-ABC និងគណៈប្រតិភូអមដំណើរ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ កម្ពុជាត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ដើម្បី អនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ តាមការប៉ាន់ប្រមាណបង្ហាញថា៖ អាស៊ានត្រូវការថវិកា ប្រមាណ ២១០ពាន់លានដុល្លារក្នុងមួយឆ្នាំ រហូតដល់ឆ្នាំ២០៣០ សម្រាប់ការវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធប្រកបដោយគុណភាព ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតំបន់ ភស្តុភារកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់។ បន្ថែមពីនេះឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងតំបន់ អាស៊ានជារៀងរាល់ឆ្នាំ ដែលទាមទារឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការរៀបចំកម្មវិធីប្រកបដោយ និរន្តរភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់៕






អត្ថបទ៖ លីនី


