តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក ឡើងថ្លៃលឿន​បំផុតមិនធ្លាប់មាន​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំមកនេះ
សេដ្ឋកិច្ច November 11, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើង​ក្នុង​ល្បឿន​លឿន​បំផុតមិនធ្លាប់មាន​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំ។ មន្ត្រីនាយកដ្ឋានការងារបានរាយការណ៍កាលពីថ្ងៃពុធថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងខែតុលាបានកើនឡើង ៦.២% ក្នុងរយៈពេល ១២ខែមុន។

ជាមួយគ្នានេះដែរ សន្ទស្សន៍វាស់វែងលើអ្វីដែលមនុស្សចំណាយសម្រាប់ទំនិញ និងសេវាកម្មបានឱ្យដឹងថា អ្នក​ប្រើ​ប្រាស់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាងកាលពីមុន សម្រាប់​ថ្លៃ​ជួល គ្រឿងទេស ប្រេងសាំង និង​របស់របរ​ផ្សេង​ទៀត។ នៅក្នុងអំឡុងពេលជំងឺរាតត្បាតប្រជាជនអាមេរិកបានបង្កើនការសន្សំសំចៃរបស់ពួកគេ ខណៈតម្រូវការនៃការចំណាយមានកាន់តែច្រើន។

គួរឱ្យដឹងថា ភាពច្របូកច្របល់ជាច្រើនរួមមាន ការផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ ការខ្វះអ្នកដឹកជញ្ជូន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កំពុងជំរុញឱ្យតម្លៃទំនិញកាន់តែកើនឡើង៕

អត្ថបទ៖ លីនី
ប្រភព៖ nhk