ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ ៣ (NR3) ប្រវែងជាង ១៣៥គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលចោមចៅ ទៅក្រុងកំពត គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមីនា ឆ្នាំក្រោយ។ បច្ចុប្បន្នភាពត្រូវបានចែករំលែក ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចដឹកនាំគណៈប្រតិភូចុះពិនិត្យការដំឡើងកាមេរ៉ាសុវត្ថិភាពតាមបណ្ដោយផ្លូវជាតិលេខ៣ នៅថ្ងៃទី៨ ខែវិច្ឆិកា។
ឯកឧត្តមបានមានប្រសាសន៍ថា ពិធីសម្ពោធនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរឱ្យដឹងផងសែរថា ការសាងសង់ និងកែលម្អផ្លូវជាតិលេខ៣ ចែកចេញជាពីរដំណាក់កាល គឺដំណាក់កាលទី១ ប្រវែង ៧០គីឡូម៉ែត្រ ពីចោមចៅ រាជធានីភ្នំពេញ ដល់តំបន់បែកគុស ខេត្តតាកែវ មាន ៤គន្លង និងដំណាក់កាលទី២ ប្រវែង ៦៤.៨គីឡូម៉ែត្រ ពីតំបន់បែកគូស ទៅក្រុងកំពត ដែលមាន ២ គន្លង។
ជាមួយគ្នានេះ ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន China Bridge and Road Corporation ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Construction Technical Consulting Co., Ltd. ជាមួយនឹងថវិកាសរុបចំនួន ២១៩.៩ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន៕






ប្រភព៖ information


