យោងតាមផែនការមេស្តីពីការអភិវឌ្ឍន៍អាកាសយានដ្ឋានក្នុងរយៈពេល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលត្រូវបានដាក់ជូនរដ្ឋាភិបាលដោយក្រសួងដឹកជញ្ជូន បានឱ្យដឹងថា វៀតណាមនឹងសាងសង់អកាសយានដ្ឋានថ្មីចំនួន ៦ទៀត ក្នុងរយៈពេល ១០ឆ្នាំ ដែលបង្កើនចំនួនអាកាសយានដ្ឋានសរុបនៅក្នុងប្រទេសដល់ ២៨កន្លែង ដោយក្នុងចំនួននោះពាក់កណ្ដាលជាអាកាសយានដ្ឋានអន្តរជាតិ។
នៅក្រោមផែនការដែលបានស្នើឡើង អាកាសយានដ្ឋានទាំង២៨ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរ ២៧៨លាននាក់ ដើម្បីធានាថាជាង ៩៥% នៃចំនួនប្រជាជនអាចចូលទៅកាន់អាកាសយានដ្ឋានក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ពោលគឹមិនចាំបាច់ចំណាយពេលធ្វើដំណើរយូរ។ ជាមួយគ្នានេះដែរ ផែនការនេះបានប៉ាន់ប្រមាណថា នឹងត្រូវចំណាយថវិកា ប្រហែល ៤០០ ទ្រីលានដុង (១៧.៦៨ ពាន់លានដុល្លារ) នឹងត្រូវការដើម្បីអភិវឌ្ឍប្រព័ន្ធព្រលានយន្តហោះរហូតដល់ឆ្នាំ២០៣០ ដែលស្មើនឹង ២២% នៃតម្រូវការដើមទុនសរុបនៃវិស័យទាំងមូល។
គួរឱ្យដឹងផងដែរថា នៅឆ្នាំ២០៥០ ប្រទេសវៀតណាមរំពឹងថានឹងមានព្រលានយន្តហោះចំនួន ២៩ រួមមានអាកាសយានដ្ឋានក្នុងស្រុកចំនួន១៥ ខណៈព្រលានយន្តហោះនៅភាគអាគ្នេយ៍នៃទីក្រុងហាណូយ នឹងត្រូវសាងសង់ឡើង៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


