ប្រជាជនក្រុងហូជីមិញ កំពុងជួបវិបត្តិ ខណៈតម្លៃអាហារ និងគ្រឿងឧបភោគបរិភោគសំខាន់ៗ ឡើងថ្លៃ ពី ១០ ទៅ ៣០%
សេដ្ឋកិច្ច November 8, 2021 Khmernote

តម្លៃអាហារ ស្រស់ ទឹកដោះគោ អង្ករ ប្រេងឆា និងទំនិញសំខាន់ៗផ្សេងៗទៀតបានកើនឡើងពី ១០ ទៅ ៣០% នៅទីក្រុង ហូជីមិញ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ចុងក្រោយបង្អស់ដែលបានចាប់ផ្ដើមនៅក្នុងខែមេសា។ សង្វាក់ផ្សារទំនើបធំមួយនៅក្នុងទីក្រុង ហូជីមិញ បាននិយាយថា ចាប់តាំងពីខែតុលា អ្នកផលិត និងអ្នកផ្គត់ផ្គង់ជាច្រើន បាននិងកំពុងស្វែងរកការដំឡើងតម្លៃទំនិញ ដែលភាគច្រើនជាទំនិញនាំចូល និងអាហារស្រស់ ហើយកំពុងពិចារណាពីការដំឡើង ២ ទៅ ៥%។

បើយោងតាមកម្មករ​នៅ​ក្រុមហ៊ុន​កាត់ដេរ​មួយ​នៅ​ស្រុក Binh Tan នៃ​ទីក្រុងហូជីមិញ បាន​និយាយ​ថា ​ការ​ចំណាយ​របស់​គ្រួសារ​នាង​គឺ​ខ្ពស់​ជាង​ធម្មតា ២០% ​ក្នុង​ខែ​តុលា។ ជាក់ស្ដែង តម្លៃធុងហ្គាស ១២គីឡូក្រាមបានកើនឡើងដល់ ៥០០,០០០ដុង (២២.១០ដុល្លារ) ពី ៣៤០,០០០ដុង ខណៈតម្លៃទឹកដោះគោ អង្ករ និងគ្រឿងឧបភោគបរិភោគក៏បានកើនឡើងផងដែរ ដែលបណ្តាលឱ្យការចំណាយលើការទិញទំនិញប្រចាំសប្តាហ៍កើនឡើងជិត ៥០០,០០០ ដុង។

ជាមួយគ្នានេះ អ្នកលក់អាហារនៅស្រុក Go Vap បាននិយាយថា តម្លៃអាហារស្រស់ និងបន្លែបានកើនឡើងពី ៥ ទៅ ២០% ពី ៥ទៅ ៦ ខែមុន ហើយតម្លៃប្រេងឆាបានកើនឡើងពី ៣,០០០ ទៅ ៥,០០០ ដុងក្នុងមួយលីត្រ។ យ៉ាងណាមិញ បើតាម លោក Vo Thanh Loc នាយកទីផ្សារនៃបណ្តាញហាងលក់អាហារ Farmers Market បាននិយាយថា អ្នកផលិត និងអ្នកនាំចូលបានឡើងថ្លៃពី ៥ ទៅ ១៥ %ចាប់តាំងពីពាក់កណ្តាលខែតុលា ឬដើមខែវិច្ឆិកា ហើយតម្លៃម្ហូបអាហារទំនងជានឹងកើនឡើងបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខ ជាពិសេសក្នុងអំឡុងពេលនេះ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

ដោយឡែក លោក Bui Thanh Tung អគ្គនាយករងក្រុមហ៊ុនអាហារ Kido បាននិយាយថា តម្លៃប្រេងចម្អិនអាហារបានកើនឡើងក្នុងរយៈពេលប្រាំបួនខែចុងក្រោយនេះ ពីជាមធ្យម ១៤,០០០ដុងក្នុងមួយគីឡូក្រាមដល់ ៣២,០០០ដុង។ លោកបានពន្យល់ថា ក្រៅពីការចំណាយរបស់ពួកគេលើការឱ្យកម្មករស្នាក់នៅកន្លែងធ្វើការ អ្នកផលិតក៏ប្រឈមនឹងថ្លៃដឹកជញ្ជូន និងការដឹកជញ្ជូនខ្ពស់ផងដែរ ដោយសារតម្លៃប្រេងឥន្ធនៈបានហក់ឡើងនាពេលថ្មីៗនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress