ទីបំផុត! ​អាមេរិក សម្រេច​បើក​ព្រំដែន​គោក និងផ្លូវអាកាសឡើងវិញ ក្រោយ​បិទអស់ប្រមាណ ២០​ខែ
សេដ្ឋកិច្ច November 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចបើកច្រកព្រំដែនគោក និងផ្លូវអាកាសឡើងវិញកាលពីថ្ងៃចន្ទ ដល់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំង កូវីដ-១៩ ពេញលេញ ដោយបញ្ចប់ការដាក់កំហិតរយៈពេល ២០ ខែ លើការធ្វើដំណើរពីជុំវិញពិភពលោក។

ការហាមឃាត់ដែលដាក់ដោយអតីតប្រធានាធិបតី Donald Trump នៅដើមឆ្នាំ២០២០ និងបន្តរដោយអ្នកស្នងតំណែងរបស់គាត់គឺលោក Joe Biden ត្រូវបានរិះគន់យ៉ាងទូលំទូលាយ និងក្លាយជានិមិត្តរូបនៃភាពចលាចលដែលបណ្តាលមកពីជំងឺរាតត្បាត។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្យឺតការរីករាលដាលនៃមេរោគនេះ ព្រំដែនសហរដ្ឋអាមេរិកត្រូវបានបិទបន្ទាប់ពីខែមីនាឆ្នាំ២០២០ សម្រាប់អ្នកធ្វើដំណើរមកពីផ្នែកជាច្រើននៃពិភពលោក រួមទាំងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងចិន ឥណ្ឌា និងប្រេស៊ីល ក្នុងនោះភ្ញៀវទេសចរណ៍មកពីម៉ិកស៊ិក និងកាណាដាក៏ត្រូវបានហាមឃាត់ផងដែរ។

គួបញ្ជាក់ផងដែរថា អាជ្ញាធរអាមេរិកគ្រោងនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពចាក់វ៉ាក់សាំងរបស់អ្នកដំណើរ ហើយនឹងនៅតែតម្រូវឱ្យពួកគេធ្វើតេស្ដ កូវីដ-១៩ អវិជ្ជមាន។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកចាប់ពីថ្ងៃច័ន្ទនេះតទៅ នឹងតម្រូវឱ្យអ្នកដំណើរតាមផ្លូវអាកាស ទទួលថ្នាំបង្ការពេញលេញ និងត្រូវធ្វើតេស្តក្នុងរយៈពេលបីថ្ងៃមុនពេលធ្វើដំណើរ ខណៈការ​បើក​ព្រំដែន​គោក​នឹង​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់កាល៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost