លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងនាព្រឹកថ្ងៃទី០៥ ខែវិច្ជិកា ឆ្នាំ២០២១នេះថា សហគមន៍ភូមិព្រះដាក់ បានរៀបចំកម្មវិធីបង្ហាញពីរបៀបដាល់អំបុកស្រូវថ្មី នៅក្នុងបរិវេណមណ្ឌលបន្ទាយស្រីរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយស្រូវថ្មីដែលបានយកមកដាក់អំបុកនេះ គឺជាស្រូវច្រូតកាត់ពីរង្វង់មូលបន្ទាយស្រី នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យោងតាមផេកផ្ទាល់ខ្លួនអភិបាលស្រុកបន្ទាយស្រីរូបនេះ បានបង្ហាញរូបថតនៃកម្មវិធី និងភ្ជាប់មកជាមួយសារដូច្នេះថា៖ «តោះ! នាំគ្នាទៅមើលអ្នកភូមិដាល់អំបុកនៅបន្ទាយស្រីម្តង កុំឱ្យស្ត្រេសពេក!
ធ្មេចបើកៗ ស្រូវនៅក្នុងបរិមណ្ឌលទុំល្មមដល់ពេលច្រូតបាត់។ បងប្អូនសហគមន៍ភូមិព្រះដាក់បានសុំរៀបចំ«ពិធីដាល់អំបុក» គ្រាន់បានបង្អួតបង្ហាញពីបវេណីចាស់បុរាណនៃរបៀបធ្វើអំបុកផង និងបានលក់អំបុកយកប្រាក់ចំណូលខ្លះដើម្បីជួយដល់សហគមន៍ដែលរងផលប៉ះពាល់ពីកូវីដផង។
ជួបគ្នានៅបរិមណ្ឌលបន្ទាយស្រីថ្ងៃចុងសប្តាហ៍នេះ តែកុំភ្លេចវិធានសុវត្ថិភាពសុខាភិបាលទាំងអស់គ្នាផង!
[សហគមន៍រៀបចំឡើងរយៈពេល ៣ថ្ងៃ៖ សុក្រ សៅរ៍ និងអាទិត្យ ក្នុងសប្តាហ៍នេះ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច]
















