យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា ខណៈពេលដែលតម្លៃប្រេងកំពុងកើនឡើង ប្រទេសផលិតប្រេងធំៗរបស់ពិភពលោកបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សា។ រដ្ឋមន្ត្រីមកពីអង្គការនៃប្រទេសនាំចេញប្រេង ឬ OPEC ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងប្រទេសមិនមែន OPEC រួមទាំងរុស្ស៊ី បានធ្វើកិច្ចពិភាក្សាតាមអ៉ីនធឺណិត។
នៅក្នុងកិច្ចពិភាក្សា ប្រទេសទាំងនោះ ពិភាក្សាថា តើត្រូវពិនិត្យមើលផែនការបច្ចុប្បន្ន ឬ យ៉ាងណា ដើម្បីបង្កើនទិន្នផលប្រេង ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃជារៀងរាល់ខែ។ នៅក្នុងបទសម្ភាសន៍ជាមួយ NHK កាលពីចុងខែមុន រដ្ឋមន្ត្រីថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីជំហរប្រុងប្រយ័ត្នអំពីការកើនឡើងនៃទិន្នផល ដោយបានលើកឡើងថា “យើងមិនទាន់ផុតពីកូវីដនៅឡើយទេ”។
យ៉ាងណាមិញ ជប៉ុន អាមេរិក និងប្រទេសដទៃទៀតបានជំរុញឱ្យប្រទេសផលិតប្រេងបង្កើនទិន្នផលប្រេងបន្ថែមទៀត ខណៈប្រទេសផលិតប្រេងផ្សេងទៀត ក៏បានសម្តែងការគាំទ្រចំពោះការប្រកាន់ខ្ជាប់នូវផែនការបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា តម្លៃប្រេងមានតម្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេលប្រាំពីរឆ្នាំ ដែលបង្កើតក្តីបារម្ភក្នុងប្រទេសជាច្រើនអំពីផលប៉ះពាល់សេដ្ឋកិច្ចអវិជ្ជមានលើជីវិតប្រជាជន។ ទន្ទឹមនឹងនេះ តម្រូវការប្រេងត្រូវបានគេរំពឹងថា នឹងបន្តនៅពេលដែលប្រទេសជាច្រើនបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ហើយប្រសិនបើ OPEC និងអ្នកផលិតប្រេងផ្សេងទៀតសម្រេចចិត្តមិនបង្កើនទិន្នផល តម្លៃអាចនឹងកើនឡើងបន្ថែមទៀត៕


អត្ថបទ៖ លីនី
ប្រភព៖ nhk


