យោងតាមប្រភពក្រសួងហិរញ្ញវត្ថុដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្រសិនបើប្រទេសថៃបញ្ចុះពន្ធលើប្រេងម៉ាស៊ូតចំនួន ៥បាត (០.១៥ដុល្លារ) ក្នុងមួយលីត្រ ដើម្បីកំណត់តម្លៃប្រេងម៉ាស៊ូតលក់រាយនៅ ២៥បាត (០.៧៥ដុល្លារ) ក្នុងមួយលីត្រ វានឹងធ្វើឱ្យរដ្ឋខាតបង់រហូតដល់ ១៥០ពាន់លានបាត (ប្រមាណ៤.៤៩ ពាន់លានដុល្លារ)។
គួរឱ្យដឹងថា ថ្មីៗនេះ សហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ (LTFT) បានស្នើទៅក្រសួងឱ្យកាត់បន្ថយពន្ធអាករលើប្រេងម៉ាស៊ូតចំនួន ៥បាតក្នុងមួយលីត្រ ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត ២៥បាតក្នុងមួយលីត្រធៀបនឹងតម្លៃបច្ចុប្បន្ន ៣០បាត។ យ់ាងណាមិញប្រភពបាននិយាយថា ក្រសួងនឹងទទួលរងការខាតបង់ចំនួន ១៥០ពាន់លានបាតនៅក្នុងចំណូលពន្ធប្រេង ប្រសិនបើខ្លួនទទួលយកសំណើរបស់សហព័ន្ធ។ វាក៏ពិបាកក្នុងការស្វែងរកប្រាក់ចំណូលពីប្រភពផ្សេងទៀតដើម្បីទូទាត់ការខាតបង់។
ប្រភពដដែលបានបន្ថែមថា ប្រសិនបើក្រសួងកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតនៅពេលនេះ រដ្ឋាភិបាលនឹងមានសារពើពន្ធតិចជាងមុន ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតនៅពេលអនាគត ប្រសិនបើតម្លៃប្រេងពិភពលោកកើនឡើងបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា មូលនិធិប្រេងដែលបច្ចុប្បន្នមានតម្លៃប្រហែល ៧ពាន់លានបាត ត្រូវបានប្រើដើម្បីបញ្ចុះតម្លៃប្រេងម៉ាស៊ូតលក់រាយចំនួន ២បាតក្នុងមួយលីត្រ ដែលបានធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតធ្លាក់ចុះមកត្រឹម ៣០បាតក្នុងមួយលីត្រនាពេលបច្ចុប្បន្ន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


