វៀតណាម គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃជិត ៥ពាន់លានដុល្លារ អាចរត់បាន ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង
សេដ្ឋកិច្ច November 4, 2021 Khmernote

ក្រសួងដឹកជញ្ជូនវៀតណាម គ្រោងនឹងចាប់ផ្តើមសាងសង់ផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង ដែលជាគម្រោងដឹកជញ្ជូនសាធារណៈដ៏សំខាន់មួយតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ នៅឆ្នាំ២០២៨។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ នឹងចាប់ផ្តើមការសាងសង់ផ្នែកពី Hanoi ទៅ Vinh និងពី HCMC ទៅ Nha Trang ក្នុងតម្លៃសរុប ១១២ ទ្រីលានដុង (៤.៩៣ ពាន់លានដុល្លារ)។

ជាមួយគ្នានេះដែរ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងរត់បាន ១,៥៤៥ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវា​ នឹង​ក្លាយ​ជា​គម្រោង​ដឹកជញ្ជូន​ដ៏​សំខាន់​នា​ពេល​អនាគត ហើយ​ខេត្ត​ត្រូវ​សហការ​ជាមួយ​ក្រសួង​ដើម្បី​អភិវឌ្ឍ​តំបន់​ទីក្រុង​តាម​បណ្តោយ​ផ្លូវ។

គួរឱ្យដឹងថា ​បច្ចុប្បន្នវៀតណាម​មាន​ផ្លូវ​រថភ្លើង​សំខាន់​ចំនួន​ប្រាំពីរ​ដែល​រត់​ចម្ងាយ​ ២,៤៤០ គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះរដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ថ្មី​ចំនួន ៩ ទៀត​នៅ​ឆ្នាំ ២០៣០ ដែល​មាន​ប្រវែង​សរុប ២,៣៦២ គីឡូម៉ែត្រ រួម​ទាំង​ខ្សែ​ផ្លូវ​ពី​ជើង​ទៅ​ត្បូង ហើយនៅឆ្នាំ ២០៥០ វៀតណាមសង្ឃឹមថានឹងមានផ្លូវសរុបចំនួន ២៥ ដែលរត់បាន ៦,៣៥៤ គីឡូម៉ែត្រ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress