យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ទោះបីជាមានការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ-១៩ ថ្មីក៏ដោយ ក៏រដ្ឋាភិបាលឡាវគ្រោងនឹងបើកប្រទេសឡើងវិញ និងអំពាវនាវឱ្យប្រជាជនសម្របខ្លួនទៅនឹងស្ថានភាពថ្មី។ ថ្លែងមតិក្នុងសម័យប្រជុំលើកទី២ របស់រដ្ឋសភាឡាវ នាថ្ងៃទី២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានប្រាប់សមាជិកថា ឡាវចាំបាច់ត្រូវរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីបើកប្រទេស រួមទាំងការចាប់ផ្តើមសេវាកម្មលើផ្លូវដែកចិន-ឡាវ។
ក្នុងនោះផងដែរ លោកបានគូសបញ្ជាក់អំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០២២ ដែលស្វែងរកការដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេស។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នៅថ្ងៃទី១ ខែវិច្ឆិកា បានឲ្យដឹងថា រដ្ឋាភិបាលនឹងបន្តកម្មវិធីទេសចរណ៍នៅឆ្នាំ២០២២ ដើម្បីស្វាគមន៍ភ្ញៀវទេសចរឡាវ និងបរទេស ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវី-១៩ ពេញលេញ ជាពិសេសពីប្រទេសចិន និងសាធារណរដ្ឋកូរ៉េ មកទស្សនាប្រទេសនេះ។
គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ មនុស្សជាង ៣.២៨លាននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ កម្រិតដំបូង ស្មើនឹង ៤៤.៧៨ % នៃចំនួនសរុប ខណៈដែលមនុស្សជាង ២.៨ លាននាក់ ឬ ៣៨.៣៨% បានចាក់វ៉ាក់សាំងពេញលេញ។ ជាមួយគ្នានេះរដ្ឋាភិបាលឡាវរំពឹងថា នឹងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៧០% នៃចំនួនប្រជាជនពេញវ័យនៅចុងឆ្នាំ២០២១ ដែលជាតួលេខលើសពីគោលដៅដើម ៥០%៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


